ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង មេបញ្ជាការកងទ័ពជើគោក នៅ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរ សក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ យោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ដែលពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក រាជធានីភ្នំពេញ។
ក្នុងនាម លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងនូវការដឹងគុណ ចំពោះយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ហើយស្ទើរពេញមួយជីវិត បានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បាន បញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាព និងស្មារតីស្នេហាជាតិនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងនិងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន ។ ទោះបីបងប្អូន បានសម្រាកពីការងារក៏ពិតមែន តែការរួមចំណែកដល់សង្គមជាតិនាពេលកន្លងមក បានចូលរួមការស្តារ និងអភិវឌ្ឍន៍ ការថែរក្សាសន្តិភាព ស្ថិរភាព និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ពិសេសការចូលរួមផ្តួលរំលំរបបប្រល័យពូជសាន៍ ប៉ុល ពត ផងដែរ ។
លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានផ្ដាំផ្ញើដល់ យោធិនចូលនិវត្តន៍ ទាំងអស់ពេលវិលត្រឡប់ទៅរួមរស់ជាជនស៊ីវិលត្រូវបន្តថែរក្សានូវតំលៃថ្លៃថ្នូររបស់កងទ័ព និងចូលរួមសហការជាមួយអាជ្ញាធរដែនដី បន្តថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត ៕
ដោយ : សហការី