ខេត្តបន្ទាយមានជ័យ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោយពីបាន ចុះទៅដោះស្រាយបញ្ហាថ្លៃស្រូវជូនបងប្អូនប្រជាកសិករនៅខេត្តបាត់ដំបង ក្រុមការងារបានបន្តដំណើរចុះទៅ ពិនិត្យ និងដោះស្រាយបញ្ហាថ្លៃស្រូវនៅខេត្តបន្ទាយមានជ័យជាបន្តទៀត។ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង មន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ លោក-លោកស្រីអភិបាលស្រុក មេឃុំ តំណាង រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។
ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថេរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បានសម្រេចប្រកាស កំណត់យកថ្លៃគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនក្រោម ៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម នៅនឹងកន្លែង ដូចនៅខេត្តបាត់ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ឱ្យចុះប្រមូលទិញដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ការអនុវត្ដនឹងចាប់ផ្តើមពីគោលដៅចំនួន៨ទីតាំង រួមមាន៖ មួយទីតាំងនៅស្រុកភ្នំស្រុក មួយទីតាំងនៅស្រុកព្រះនេត្រព្រះ បីទីតាំងនៅស្រុកស្វាយចេក និងបីទីតាំងនៅស្រុកថ្មពួក។
ប្រជាកសិករគ្រប់គោលដៅបានសាទរនឹងការអនុវត្តថ្លៃគោលនេះ។ ក្នុងករណីមានបញ្ហាអ្នកទិញ អនុវត្តមិនត្រឹមត្រូវ សូមបងប្អូនប្រជាកសិករមេត្តាទាក់ទងជាមួយមេឃុំ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ (តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧) ដើម្បីទទួលបានការអន្តរាគម។ សូមអរគុណបងប្អូនប្រជាកសិករ និងភាគីពាក់ព័ន្ធដែលបានចូលរួមសហការអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាព៕
ដោយ : សិលា