ភ្នំពេញ ៖ ពិតណាស់ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។ នេះជាការថ្លែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ។
ខាងក្រោមនេះជា សម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន (រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២)៖
១. សូមចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជា សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាពរបស់សមាគម និងបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជាទូទៅ សំដៅទាក់ទាញបន្ថែមនូវសកម្មភាពផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលជាមូលដ្ឋានថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅថ្ងៃអនាគត។ ពិតណាស់ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។ គិតត្រឹមខែតុលា ឆ្នាំ ២០២២, ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់ ។ ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ។
២. សូមកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានចូលរួមក្នុងកិច្ចការសង្គមនានាប្រកបដោយបេះដូង និង ស្មារតីសប្បុរសធម៌ខ្ពស់។ ជាក់ស្តែង, ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, GMAC ឬ TAFTAC បានចូលរួមបរិច្ចាកជាថវិកា និងសម្ភារបរិក្ខារជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស បានកៀរគរសមាជិករបស់ខ្លួន ដើម្បីជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការជួលអគារសម្រាប់ធ្វើជាមណ្ឌលសម្រាប់ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ។ ខណៈនេះ, GMAC ឬ TAFTAC បានរួមសហការគ្នាប្រមូលថវិកាសម្រាប់ជួយដល់ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” នៅក្នុងពិធីប្តូរឈ្មោះរបស់សមាគម ។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីយកចិត្តទុកដាក់ខ្ពស់មួយទៀតរបស់ GMAC ឬ TAFTAC ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដែលនៅជាហានិភ័យនៅឡើយ ចំពោះសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាប្រមាណជាង ១ លាននាក់ ដែលរស់នៅតាមតំបន់ដែលសង្ស័យថាមានមីននៅឡើយ ។
៣. ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជាបានរកឃើញ និង បំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ។ ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» ។ ជាក់ស្តែង, តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ, ទៅជាដីភូមិឋានដ៏មានសុភមង្គល, ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ, មិនមានក្តីកង្វល់ពីសុវត្ថិភាព, មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន ។ ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ, ក៏កម្ពុជានៃយើងនៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង ។ ជាមួយនឹងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់, កម្ពុជាបានប្តេជ្ញាចិត្តថានឹងសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥», តាមរយៈ «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន» ជាមួយមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធាន និងដឹកនាំគ្រប់គ្រង ក្រោមកិច្ចសម្របសម្រួលដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (CMAA) និងមានការគាំទ្រពីកងយោធពលខេមរភូមិន្ទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ផ្សេងទៀត ។
៤. សូមអរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់ការទុកចិត្ត និងជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពចម្រុងចម្រើនទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ លើលពីនេះ ក៏ជាការរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រតាមរយៈការបង្កើតឱកាសការងារ ដើម្បីជួយលើកកម្ពស់ដល់ជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ មានជាអាទិ៍ ការទទួលបានបៀវត្សដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ ការគាំពារសុខុមាលភាពល្អប្រសើរ និងភាពចម្រុងចម្រើនជាលំដាប់ ៕
ដោយ : សហការី