ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្លន់ម៉ូតូ SCOOPY ពីនារីម្នាក់មិនបានសម្រេច បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់តែត្រូវ២គ្រាប់ចំជង្គង់

ចែករំលែក៖

ភ្នំពេញ៖  បុរសម្នាក់ជាអ្នកដឹកជញ្ជូនអាហារអនឡាញក្រុមហ៊ុន E’Gets បានរងរបួសដោយត្រូវគ្រាប់កាំភ្លើង២គ្រាប់ចំជង្គង់ខណៈដែលព្យាយាមជិះដេញតាមជនសង្ស័យ២នាក់ក្រោយពីធ្វើសកម្មភាពប្លន់យកម៉ូតូ SCOOPY-2022 ពីនារីម្នាក់ដែលកំពុងអង្គុយរង់ចាំមិត្តភក្តិ នៅជាប់អុីដេនហ្គាឌិន (EDIN GARDEN)  ហើយក្រុមចោរបានជិះរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីយុវតីរងគ្រោះបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូរបស់នាងម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ ២០២២ ពណ៌ប្រផេះ ថ្មីសន្លាងមិនទាន់កិបផ្លាកលេខនៅឡើយ ធ្វើដំណើរពីពោធិ៍ចិនតុងទៅកាន់សួនអុីដេនហ្គាឌិន(EDIN GARDEN) ក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់ ដើម្បីរង់ចាំមិត្តភក្តិចេញពីធ្វើការត្រលប់ទៅផ្ទះ ដោយបានឈប់ម៉ូតូនៅចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមមួយគ្រឿង (មានចងថង់ខ្មៅបិទស្លាកលេខ) មកឈប់ក្បែរស្ងាត់ៗ រួចធ្វើសកម្មភាពប្លន់ម៉ូតូ ដោយឱ្យរូបនាងប្រគល់ម៉ូតូឱ្យពួកគេ តែនាងមិនព្រមឱ្យ ក៏ប្រទាញប្រទង់គ្នាទៅវិញទៅមក ហើយជនសង្ស័យក៏បានដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក)ចេញមក ធ្វើឱ្យរូបនាងភ័យ ក៏លែងម៉ូតូរួចរត់ចេញយករួចខ្លួនសិន ។

     នារីរងគ្រោះបន្តទៀតថា បន្ទាប់មកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់នាងព្យាយាមបញ្ឆេះជិះរត់គេចដែរ តែម៉ូតូ Scoopy របស់នាងជាម៉ូតូស៊េរីថ្មី ប្រើសោវៃឆ្លាត (SMART KEY) មិនអាចបញ្ឆេះបាន ទើបជនសង្ស័យសម្លុតយកទូរស័ព្ទ តែរូបនាងនៅតែប្រកែកមិនព្រមឱ្យ ។ ដោយឃើញសភាពមើលទៅមិនទំនង សន្តិសុខដែលយាមម៉ូតូនៅក្បែរនោះក៏ស្រែកថា “ចោរៗ” បង្កការភ្ញាក់ផ្អើលដល់ក្រុមយុវជនដឹកអាហារអនឡាញក្រុមហ៊ុន E’Gets ដែលកំពុងនៅជុំគ្នារង់ចាំដឹកអាហារក្បែរនោះ នាំគ្នាររត់ទៅជួយទើបជនសង្ស័យឡើងម៉ូតូរបស់ខ្លួនជិះរត់គេចខ្លួនតែម្ដង ។ បន្ទាប់ពីជនសង្ស័យរត់ឡើងជិះម៉ូតូចេញភ្លាមៗ រូបនាងបានស្រែកថា “ចោរៗជិះទៅហើយៗ” ទើបក្រុមយុវជនដឹកអាហារអនឡាញក្រុមហ៊ុន E’Gets រត់ទៅយកម៉ូតូវិញ រួចជិះដេញតាមពីក្រោយជនសង្ស័យដែលធ្វើសកម្មភាពប្លន់ម៉ូតូរូបនាងតែម្តង ។ 

     បើតាមសម្តីរបស់យុវជនម្នាក់ ក្នុងចំណោមក្រុមអ្នកដឹកជញ្ចូនបានប្រាប់ថា យើងដឹងថាគ្នារបស់យើងម្នាក់ ក្នុងចំណោមអ្នកដឹកជញ្ជូនអាហារអនឡាញក្រុមហ៊ុន E’Gets បានរងរបួសក្បាលជង្គង់ ខណៈព្យាយាមដេញតាមជនសង្ស័យ និងត្រូវជនសង្ស័យបាញ់ត្រូវ ២គ្រាប់ ហើយសម្រេចចិត្តឈប់ដេញតាមតទៅទៀត រួចនាំគ្នាត្រលប់មកកន្លែងដែលផ្ទះអាវុធដំបូងវិញ នៅចំណុចភ្លើងស្តុបសន្ធរម៉ុក ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមអ្នកសារព័ត៌មាន រួចហើយទើបដឹកយុវជនដែលរងរបួសទៅមន្ទីរពេទ្យ ។ 

     ក្រោយកើយហេតុ យុវជនដែលត្រូវជនសង្ស័យដកកាំភ្លើងបាញ់ត្រូវចំជង្គង់ខាងឆ្វេង បៀមគ្រាប់ជាប់របួសធ្ងន់ មានឈ្មោះ ម៉ៅ វិសាល អាយុ ២៤ឆ្នាំ មុខរបរអ្នកដឹកអាហារអនឡាញក្រុមហ៊ុន E’gets មានទីលំនៅម្ដុំទួលសង្កែ ខណ្ឌស្សីកែវ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត ធ្វើការថតកាំរស្មីអុិច (X-Ray) ពិនិត្យមើលឃើញមានក្បាលគ្រាប់ចំនួនពីរកំពុងបៀមជាប់កន្លែងរបួស និងរង់ចាំក្រុមគ្រូពេទ្យធ្វើការវះកាត់យកគ្រាប់ចេញ ។

    ចំណែកនៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចម្នាក់បានមកដល់ទីតាំងកើតហេតុនោះ ទើបប្រជាពលរដ្ឋឱ្យយុវតីរងគ្រោះជាម្ចាស់ម៉ូតូទៅជាមួយសមត្ថកិច្ចទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី១ នៃអធិការដ្ឋានខណ្ឌទួលគោក ដើម្បីឱ្យសមត្ថកិច្ចតាមស្វែងរកក្រុមជនសង្ស័យ មកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ជីណា


ចែករំលែក៖