ភ្នំពេញ ៖ នាទីស្ដីការក្រសួង នៅព្រឹកថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយមានការចូលរួមពីសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង (PIU) ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការសាងសង់គម្រោងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ និងពិនិត្យដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលនៅសេសសល់ក្នុងគម្រោង ក្នុងទិសដៅពន្លឿនការអនុវត្តការងារសាងសង់ឱ្យបានសម្រេចរួចរាល់តាមផែនការដែលបានគ្រោងទុក។
មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង (PIU) រួមជាមួយនឹងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សហការចុះទៅពិនិត្យបញ្ហាប្រឈមនៅទីតាំងការដ្ឋានផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស។ ដោយឡែកចំពោះក្រុមហ៊ុនសាងសង់ ត្រូវធ្វើយ៉ាងណាអនុវត្តការងាររបស់ខ្លួនទៅតាមផែនការដែលបានគ្រោងទុក ដើម្បីជៀសវាងនូវការពន្យារពេលសាងសង់គម្រោងផ្លូវនេះ៕
ដោយ ៖ សិលា