ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាត់តាំងកម្លាំងផ្នែកសឹករងជលគិរី ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កម្លាំងសមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបបទល្មើសនេសាទមួយកន្លែង ក្នុងភូមិកោះក្អែក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលកម្លាំងចម្រុះ បានរុះរើរបាំងសាច់អួនចំនួន ៨កន្លែង ប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន ៦មាត់ ដកបង្គោលចំនួន ៧០ដើម បំផ្លាញចោលនៅហ្នឹងកន្លែង ព្រមទាំងបានលែងកូនត្រីចម្រុះចំនួន ៥០គីឡូក្រាម ផងដែរ ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដោយប្រើមធ្យោបាយបាឡាស្មាច់ចំនួន០៣គ្រឿង បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុចស្វាស្លាប់ បឹងផុក ក្រោយភូមិអង្គជ្រុំ ភូមិអន្លង់អក ភូមិបឹងឆកឬស្សី ស្ថិតនៅក្នុងឃុំកោះថ្កូវ និងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាក់ស្ដែងកម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមាន៖ រុះរើរបាំងស្បៃមុងចំនួន ២៤ កន្លែង ប្រវែង ១២០០ម៉ែត្រ ,លបលូស្បៃមុងចំនួន ២៤លប ,បង្គោលសរុបចំនួន ២៥០ដើម និងចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១៥០ គីឡូក្រាម។ ចំណែកឧបករណ៍សម្ភារៈរឹបអូសបានត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៕
ដោយ៖សហការី