ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ អញ្ជេីញមកបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព នៅកម្ពុជាពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា តបតាម ការអញ្ជើញរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា លោកបណ្ឌិត សាយ សំភូន ភូមិវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ 

នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ គ្រោងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍៖ 

-ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

– ចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

– ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចអគ្គមហាសនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រី្ត នៃកម្ពុជា

– ចូលជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហ- ប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ នៅក្រោយជំនួបភាគីទាំងពីរនឹងអញ្ជើញ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-ឡាវ និងរវាងអគ្គ- លេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ

– ជំនួបពិភាក្សាការងាររវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា កម្ពុជា និងគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាឡាវ – ជំនួបពិភាក្សាការងាររវាង ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវផងដែរ។

– នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញទៅទស្សនកិច្ចនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ៕

ដោយ : សិលា


ចែករំលែក៖