ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនបុរស២នាក់ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជាង៨លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនបុរស២នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធនិងបទល្មើសក្លែងឯកសារលក់ដីខ្យល់រាប់សិបហិកតាយកប្រាក់អស់ជាង៨លានដុល្លារ ។

    ជនជាប់ចោទទី១ដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ ហៃ ច័ន្ទភារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលេខ ៦៤០ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានចោទប្រកាន់ពីបទ « ឆបោក និងប្រើប្រាស់លិខិតក្លែង » ។

   អង្គហេតុដែលបណ្ដាលឱ្យមានការចាប់ឃុំខ្លួនជនជាប់ចោទនេះ គឺឈ្មោះ ហៃ ច័ន្ទភារិទ្ធ កាលពីឆ្នាំ២០១៨ បានទៅទំនាក់ទំនងជាមួយក្រុមហ៊ុន វិនហុិលសុីធី ដើម្បីលក់ដីមួយកន្លែងមានទំហ៊ុំជាង ២០៣ហិកតា មានទីតាំងស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយមានប្លង់បង្ហាញទីតាំងថាស្របច្បាប់ ។ ដោយមានភាពជឿជាក់ក្រុមហ៊ុនក៏បានឯកភាពទិញដោយធ្វើកិច្ចសន្យាទិញលក់ជាមួយឈ្មោះ ហៃ ច័ន្ទភារិទ្ធ ហើយក្រុមហ៊ុនបានប្រគល់ប្រាក់ជាបន្តបន្ទាប់ចំនួន ៦លាន៧សែនដុល្លារឱ្យមកឈ្មោះហៃ ច័ន្ទភារិទ្ធ ហើយជននេះបានប្រគល់គំនូសប្លង់បង្ហាញទីតាំង និងលិខិតទិញលក់ផ្ដាច់ថតចំលងឱ្យមកក្រុមហ៊ុនវិញ ។

ក្រោយមកឈ្មោះ ហៃ ច័ន្ទភារិទ្ធ បានទាមទារឱ្យក្រុមហ៊ុនបន្ថែមប្រាក់ទៀត ហើយក្រុមហ៊ុនបានចុះទៅពិនិត្យដីដែលទិញលក់នោះ ស្រាប់តែឈ្មោះ ហៃ ច័ន្ទភារិទ្ធ បាននាំទៅចង្អុលដីខុសទីតាំង ។ ដោយមានការសង្ស័យក្រុមហ៊ុនបានសាកសួរទៅអាជ្ញាធរមូលដ្ឋានទើបដឹងថា ដីដែលឈ្មោះ ហៃ ច័ន្ទភារិទ្ធលក់នោះជាដីរដ្ឋមិនអាចប៉ះពាល់បាន ។ 

ក្រោយមកក្រុមហ៊ុនបានទំនាក់ទំនងទៅឈ្មោះ ហៃ ច័ន្ធភារិទ្ធ ដើម្បីដោះស្រាយគ្នា តែជននេះគេចវេសរហូត ទើបក្រុមហ៊ុនសម្រេចប្ដឹងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការតាមច្បាប់តែម្ដង ។

    ចំណែកជនជាប់ចោទទី២ឈ្មោះ លឹម មានសុខ ភេទប្រុស ត្រូវបានចោទប្រកាន់និងឃុំខ្លួនពីបទ « ឆបោក និងរំលោភលើទំនុកចិត្ត » ។

    ចំពោះអង្គហេតុដែលបណ្ដាលឱ្យមានការចាប់ឃុំខ្លួនជនជាប់ចោទរូបនេះ គឺកាលពីឆ្នាំ២០១៤ ឈ្មោះ លឹម មានសុខ បានទៅទំនាក់ទំនងឈ្មោះ ឈិន ធៀនទីង និងឈ្មោះ ឈិន វួចនាន ថាខ្លួនគេអាចប្រមូលទិញឈើ និងរត់ការបង្កើតរោងចក្រកែច្នៃឈើបាន ។ ដោយមានទំនុកចិត្ត ឈ្មោះ ឈិន ធៀនទីង និងឈ្មោះ ឈិន វួចនាន បានប្រគល់សាច់ប្រាក់សុទ្ធជាបន្តបន្ទាប់ចំនួនជាង២លានដុល្លារ អោយមកឈ្មោះ លឹម មានសុខ  ដើម្បីធ្វើការ តែរហូតមកដល់ពេលនេះមិនឃើញចេញសាច់ការអ្វីទាំងអស់ ទើបក្រុមហ៊ុនបានហៅឈ្មោះ លឹម មានសុខ អោយមកធ្វើកិច្ចសន្យាប្រគល់ប្រាក់ដើមវិញតែ១លាន៥សែនដុល្លារប៉ុណ្ណោះ ហើយឈ្មោះ លឹម មានសុខ ក៏ឯកភាព ប៉ុន្តែរហូតដល់ពេលនេះមិនប្រគល់លុយសោះ ទើបក្រុមហ៊ុនសម្រេចប្ដឹងចាត់ការតាមផ្លូវច្បាប់តែម្ដង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖