ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនភ្នាក់ងារលក់ខុនដូមួយ ដែលស៉ីដាច់លុយរបស់អតិថិជនជាង២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាភ្នាក់ងារលក់ខុនដូមួយកន្លែង នៅតំបន់កោះពេជ្រ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន បន្ទាប់បុគ្គលរូបនេះស៉ីដាច់លុយរបស់អថិតិជន ដែលបង់ប្រាក់ប្រចាំខែថ្លៃខុនដូ តែភ្នាក់ងាររូបនោះ មិនបានយកប្រាក់របស់អតិថិជនខ្លួនទៅបង់ឲ្យក្រុមហ៊ុននោះទេ ពោលយកលុយទុកហោប៉ៅរបស់ខ្លួនទៅវិញ។ រូបស្អាតបាត នៅក្មេង មានគំនិតទុច្ចរិត ទីបំផុត ! គេចមិនផុតពីសំណាញ់ច្បាប់ទេ។

ជនសង្ស័យដែលបោកប្រាស់លុយអតិថិជននោះ ឈ្មោះ ហេង សុធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៨៧ ផ្លូវDG ឃុំស្វាយ ជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត។ នេះបើយោងតាមមន្ដ្រីនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់សារព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

សមត្ថកិច្ចបានបញ្ជាក់អំពីដំណើររឿងតាមពាក្យបណ្តឹងជនរងគ្រោះឱ្យដឹងថា, កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានទិញខុនដូក្នុងតម្លៃជាង១០ម៉ឺនដុល្លារ នៅផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានប្រគល់ប្រាក់បង់ ដំបូងជាង៣ម៉ឺនដុល្លារ ចំណែកប្រាក់ដែលនៅសល់គឺបង់ជាប្រចាំខែ។

នៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានប្រគល់ប្រាក់ជាប្រចាំខែឲ្យឈ្មោះ ហេង សុធារិទ្ធ យកទៅបង់ឲ្យ​ក្រុមហ៊ុន សរុបចំនួន១៨,៩៤២ដុល្លារ​ និងបានប្រគល់បង្កាន់ទទួលប្រាក់​ដែលបានបង់ប្រាក់ជាប្រចាំខែ​ឱ្យជនរងគ្រោះថែមទៀតផង​។ ស្រាប់តែនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បុគ្គលិកផ្នែកលក់ម្នាក់ទៀត បានទំនាក់ទំនងមកកាន់ជនរងគ្រោះ ថាមិនទាន់បង់ប្រាក់រយៈពេល១១ខែ។ ពេលនោះទើបជនរងគ្រោះដឹងថា ប្រាក់ដែលខ្លួនប្រគល់ឲ្យឈ្មោះ ហេង សុធារិទ្ធ មិនយកទៅបង់ឲ្យក្រុមហ៊ុននោះទេ។

បន្ទាប់ពីសាកសួរជនសង្ស័យ បានសារភាព ខ្លួនពិតជាបានទទួលប្រាក់ពីជនរងគ្រោះប្រាកដមែន តែខ្លួនមិនបានយកទៅប្រគល់ឲ្យក្រុមហ៊ុន និងក្លែងបង្គាន់ដៃទទួលប្រាក់របស់ក្រុុមហ៊ុន ដេីម្បីប្រគល់ឲ្យជនរងគ្រោះ មានសេចក្តីទុកចិត្តពិតប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការសន្និដ្ឋាន ឈ្មោះ ហេង សុធារិទ្ធ មុខរបរភ្នាក់ងារទិញ-លក់ អចលនទ្រព្យ ពិតជាបានប្រព្រឹត្តបទល្មេីស ឆបោក រំលោភលេីទំនុកចិត្ត ក្លែងបន្លំ និងប្រេីប្រាស់ឯកសារក្លែងបន្លំ (បង្គាន់ដៃទទួលប្រាក់របស់ក្រុមហ៊ុន) ប្រាកដមែន។ ក្រោយសួរនាំកម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួន​ជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា, នេះជាមេរៀនមួយ ដែលអតិថិជនត្រូវមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ចំពោះការចំណាយថវិកាទិញខុនដូ ខណៈមានបុគ្គលិកខ្លះ គាត់មានគំនិតទុច្ចរិត ខ្លះអាចវក់ចាញ់ល្បែង ខ្លះយកទៅស៊ីចាយសប្បាយ ហាយសូរ រំលោភលើទំនុកចិត្តដល់ក្រុមហ៊ុន និងអតិថិជន។ ដោយឡែកខាងក្រុមហ៊ុន ក៏គួរសិក្សាពីបុគ្គលិកលក្ខណៈនៃបុគ្គលខ្លះ ជៀសវាង បាត់បង់អតិថិជន ប៉ះពាល់ដល់ក្រុមហ៊ុន ជាដើម។ 

សង្ឃឹមថា, តំណាងអយ្យការ ដំណើរការនីតិវិធីនេះ ប្រកបដោយ តម្លាភាព ៕

ដោយ : សហការី


ចែករំលែក៖