ព័ត៌មានទាន់ហេតុការណ៍៖

ស្មៀនក្រុងតាខ្មៅប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ក្រោយកិបកេងលុយជាង៧០លានរៀលពីគ្រួសារក្រីក្រ

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្មៀនសង្កាត់តាខ្មៅត្រូវបានចៅក្រម ហុងម៉ារីនិច សម្រេចឃុំខ្លួនហើយនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅកាន់តុលាការខេត្តកណ្តាល។ក្រោយពីបែកធ្លាយ ស្មៀនក្រុងតាខ្មៅ កិបកេងលុយជាង៧០លានរៀល ដែលជាលុយឧបត្ថម្ភដល់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលកូវីដ១៩។

     យោងតាមច្បាប់ព្រហ្មទណ្ឌមាត្រា៥៩៨ ត្រូវផ្ដន្ទាទោសជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាស្មៀនសង្កាត់តាខ្មៅប្រឈមផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំដល់ ៥ឆ្នាំនិងពិន័យជាប្រាក់ ពី ៤លានរៀលដល់ ១០ លានរៀល នេះបើសិនជាតុលាការរកឃើញជនត្រូវចោទខាងលើបានប្រព្រិត្តដូចការចោទប្រកាន់ខាងលើ។

 សូមបញ្ជាក់ថានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការ ងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយឯកឧត្តម ឈួ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម រួមសហការជាមួយអាជ្ញាធរខេត្ត ក្រុង សង្កាត់ បានចូលរួមក្នុងការស្រាវជ្រាវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមាសភាពចូលរួម ១-លោក ឃឹម សំភារ អភិបាលនៃគណៈអភិ បាលក្រុងតាខ្មៅ ,២-លោក លី សុខធី ប្រធានមន្ទីរ ស.អ.យ ខេត្តកណ្តាល ,៣-លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ,៤-លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ និង៥-លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ចុះត្រួតពិនិត្យតាមពាក្យបណ្តឹងរបស់ឈ្មោះ ជុំ ចិន្តា កាន់សមធម៌លេខ 08110403-0086 បន្ទាប់មកក្រុមការងារបានពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួង ឃើញថាប័ណ្ណសមធម៌របស់ឈ្មោះ ជុំ ចិន្តា គឺបានបើកប្រាក់ជាបន្តបន្ទាប់ ១៦ខែ រួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មកក្រុមការងារបានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន១៩ប័ណ្ណទៀតដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់ឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលសរុបទាំង២០ប័ណ្ណមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០រៀល ។ 

 ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមកអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជនថា អ.ប.ព. ពិតជាបានទទួលជន សង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចការ ចុះផ្សាយរបស់សារព័ត៌មាននានា។

អ.ប.ព. សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

អ.ប.ព. សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ លោកប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយ លោកអភិបាល នៃ គណៈអភិបាលខេត្តកណ្តាល លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់ តាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។

អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជនរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំង អំពើពុករលួយ ជាបន្ទាន់។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន ៕

ដោយ : ស្អាង ជ័យ


ចែករំលែក៖