ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជារកចំណូលបានជាង ៣៩៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ក្នុង​រយៈពេល១០ខែ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ កម្ពុជា​ រកចំណូលបានជាង ៣៩៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ ពោលគិតចាប់ពីខែមករា ដល់ខែតុលា។

របាយការណ៍ដដែល​បន្តថា​ ចំណូលសរុបគិតត្រឹមខែតុលា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៩៦,១៤០,៦៣៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៣៩២,៥៦៤,៥៩៧ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៥៧៦,០៣៧ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ២៦៤,៩១៨តោន ថយចុះចំនួន ១,៥៥២តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១,៦៨៣ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែតុលា ឆ្នាំ២០២២ ថ្លៃ ១,៤៨២ដុល្លារក្នុងមួយតោន បានថយចុះចំនួន ១៨១ដុល្លារ ក្នុងមួយតោន ស្មើនឹង១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

សូមជម្រាបថា​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានចេញសារាចរថ្មីមួយ ស្តីពីនិរាករណ៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។

ជុំវិញការនិរាករណ៍សារាចរ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសនេះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការលុបនេះ ជាការគិតគូរដ៏ម៉ត់ចត់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីផ្ដល់ជម្រើសដល់កសិករ ដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ អាចលក់ទៅទីផ្សាដែលមានតម្លៃខ្ពស់។

គួរបញ្ជាក់ថា​ កម្ពុជា​ រកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូពេញមួយឆ្នាំ២០២១កន្លងមកនេះ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

ដោយ​៖សហការី​


ចែករំលែក៖