ភ្នំពេញ៖ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា៖ គិតពីចុងខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្លែមៀនរបស់កម្ពុជាជាង ១ពាន់តោនបាននាំចេញទៅកាន់ប្រទេសចិន ហើយមួយចំនួន បានដឹកទៅដល់ប្រទេសចិនរួចហើយ។
លោក កែ មុន្ធីវុធ បានបន្តថា ផ្លែមៀនស្រស់ចំនួន ១៣៩០តោនរបស់កម្ពុជាហើយ បាននាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីបានសម្ពោធនាំចេញជាផ្លូវការ នាខែតុលាឆ្នាំ២០២២។
លោកប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា៖ «នេះជាដំណឹងដ៏ល្អដែលការនាំចេញផ្លែមៀនស្រស់ ជាលើកដំបូងរបស់កម្ពុជា ទៅកាន់ប្រទេសចិន ទទួលបានជៅគជ័យ។ បច្ចុប្បន្នមានក្រុមហ៊ុនតែប៉ុណ្ណោះ បានបញ្ជាទិញផ្លែមៀនស្រស់ពីកម្ពុជា នាំចេញទៅកាន់ប្រទេសចិន ហើយចាប់ពីពេលនេះតទៅជារដូវកាលប្រមូលផលផ្លែមៀនស្រស់ ដូច្នេះរំពឹងថានឹងមានកំណើនក្នុងការនាំចេញ»។
ជាមួយគ្នានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងដែរថា៖ «ការនាំចេញផ្លែមៀននេះផ្ដល់អត្ថប្រយោជន៍ជាច្រើន ចំពោះអ្នកផលិត (កសិករ) ពួកគាត់នឹងលែងភ័យព្រួយបារម្ភ ពីការច្រាលទីផ្សារទៀតឡើយ ព្រោះយើងមានក្រុមហ៊ុនទិញ និងនាំចេញទៅកាន់ប្រទេសចិន»។ លោកបន្ថែមថា ចំពោះតម្លៃវិញ គឺអាចទទួលយកបាន ក្រុមហ៊ុនទទួលទិញដោយតម្លៃសមរម្យប្រមាណជាង ៣ពាន់រៀល ក្នុងមួយគីឡូក្រាម ក្រុមហ៊ុនបានប្រមូលទិញផ្លែមៀនពីខេត្តបាតដំបង និងខេត្តប៉ែលិន។
ប្រធានមន្ទីរកសិកម្មរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ យកចិត្តទុកដាក់ តាមដានអំពីទីផ្សារនៃតម្លៃមៀនឲ្យជាប់លាប់ ប្រើប្រាស់បច្ចេកទេសឲ្យបានត្រឹមត្រូវ ត្រូវស្ដង់ដារទីផ្សារ យកចិត្តទុកដាក់ឲ្យបានខ្ពស់ លើការថែទាំងផ្លែមៀន ជៀសវាងការប្រើប្រាស់ថ្នាំគីមីលើសកម្រិត ដែលជាហេតុបង្កផលលំបាកដល់ការនាំចេញ។
សូមជម្រាបថា ចំការមៀនទទួលបានការអនុម័ត ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ ក្នុងនៅនៅខេត្តប៉ៃលិនចំនួន៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន ៨ រួមមាននៅខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ ផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជា មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕
ដោយ៖សហការី