ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទនិងប្រេីប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវព្រៃស ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីស្ត្រីម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូ កាលពីវេលាម៉ោង៥និង៣៨នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ចំណែក៣នាក់ទៀតពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន។ 

ជនសង្ស័យឆក់ទូរស័ព្ទឈ្មោះ អុឹង ឈុនលី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣៨នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឆក់មួយលើក ដោយជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់ ឈ្មោះ ម៉ាន់ ស្រីប៉ុច អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ  នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានសម្រេចហើយ គេចខ្លួនបាត់ ។ 

សមត្ថកិច្ចបន្តទៀតថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ចុះពិនិត្យ ឆែកមើលកាមេរ៉ាសុវត្តិភាពតាមដងផ្លូវ ស្គាល់ ភិនភាគ ជនសង្ស័យ ស្លាកលេខម៉ូតូ ស្រាប់តែមកដល់រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ប្រទះឃើញជនសង្ស័យ ភិនភាគម៉ូតូ ខណៈដែលកំពុងជិះមួយក្រុមគ្នា៤នាក់ ម៉ូតូ២គ្រឿង នៅតាមផ្លូវព្រៃស ទើបដេញតាមឃាត់បាន នាំជនសង្ស័យម្នាក់ និងមនុស្ស៣នាក់ដែលរួមដំណើរជាមួយ ទៅសាកសួរនៅប៉ុស្តិ៍ក្រាំងពង្រ ។

ក្រោយពីសាកសួរ និងចម្លើយសារភាព ជនសង្ស័យម្នាក់ពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីរងគ្រោះពិតមែន ចំណែកបុរស៣នាក់ទៀត ដែលរស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពុំមានពាក់ព័ន្ធនឹងករណីឆក់ឡើយ តែពិត្យតេស្តទឹកនោម ឃើញមានសារធាតុញៀន ទើបសមត្ថកិច្ចឃាត់ខ្លួនប្រគល់ឲ្យជំនាញគ្រឿងញៀន ចាត់ចែងកសាងសំណុំរឿង ។ ចំណែកជនសង្ស័យឆក់ម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖