ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញ​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ២៥៦គ្រឿង​ នាថ្ងៃទី១៨ ខែវិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃសុក្រទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យ ​យានយន្តសរុបចំនួន ២៥៦គ្រឿង​ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ។ ក្នុងនោះមានម៉ូតូ ១៩៤គ្រឿង និងរថយន្ត ៦២គ្រឿង។

របាយការណ៍​ដដែល​បន្តថា​ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៧,១៦៣គ្រឿង ក្នុងនោះមានម៉ូតូ ១១០,២៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៩២៥គ្រឿង។​ ចំពោះ​បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ ឆៀក លើសចំណុះ អត់បណ្ណបើកបរ និងសញ្ញាជាដើម។

ដោយឡែក​សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៣នាក់ របួសចំនួន ០៨នាក់ (របួសធ្ងន់ ចំនួន ០៦នាក់)។ រយៈពេល៣២២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៦២៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៥៣២នាក់ របួស ៣,៥៨៩នាក់ (របួសធ្ងន់ ២,២៧១នាក់)។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖