ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា, នាវា “DD-102 JS HARUSAME” នៃកងកម្លាំងទី៤២ សម្រាប់ពង្រឹងការប្រឆាំងអំពីឆក់ប្លន់តាមសមុទ្រ កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដោយបានចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ ពីថ្ងៃទី ១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងឱកាសនេះ កងទ័ពជើងទឹកកម្ពុជាបានរៀបចំពិធីទទួលស្វាគមន៍ការចូលចតនៃនាវាខាងលើ ហើយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនក៏នឹងធ្វើលំហាត់ហ្វឹកហ្វឺនសុច្ឆន្ទៈជាមួយកងទ័ពជើងទឹកកម្ពុជា ហើយក៏មានការបើកទទួលជនជាតិជប៉ុនដែលកំពុងរស់នៅប្រទេសកម្ពុជា មកធ្វើទស្សនកិច្ចនៅលើនាវា នៅថ្ងៃទី ១៩ ខែវិច្ឆិកាផងដែរ។
ឆ្នាំនេះកត់សំគាល់នូវខួបលើកទី ៣០ សម្រាប់ប្រទេសជប៉ុនក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនជាលើកដំបូង មកបំពេញបេសកកម្មនៅកម្ពុជា ហើយឆ្នាំក្រោយ (២០២៣) គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ យើងសង្ឃឹមថា ការចូលចតនៃនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនថែមទៀតនៅក្នុងវិស័យសហប្រតិបត្តិការការពារជាតិ ៕
ដោយ : សិលា