ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកប្រធានរដ្ឋសភាវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាក្នុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសវនាការ និងពិភាក្សាការងារ នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។ 

បន្ទាប់មកថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរនឹងអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា-វៀតណាម និងបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបបរិបទជាក់ស្តែង ផងដែរ។

តបតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា លោក វឿង ឌីញ ហ្វេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកលោកនឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត។

រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ដឹកនាំដោយ លោក វឿង ឌីញ ហ្វេ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា មុនពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានជួបពិភាក្សាការងារទ្វេភាគី។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីកចម្រើន និងស្អិតរមួត ដោយភាគីទាំងពីរបានឯកភាព និងចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀងជាមួយគ្នា សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្រ្តីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភា ក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរនាពេលកន្លងមក។ 

លោក វឿង ឌីញ ហ្វេ បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសរដ្ឋសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ទំាងនៅក្នុងកម្រិតទ្វេភាគីនិងអន្តរជាតិ។ លោកបានស្នើ សម្តេចប្រធានរដ្ឋសភាជួយជំរុញនិងបង្កលក្ខណៈកាន់តែងាយស្រួលនៅក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបាននៅគ្រប់កម្រិតទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតមន្រ្តីបច្ចេកទេស។ 

លោក វឿង ឌីញ ហ្វេ បានជូនពរដល់រដ្ឋសភាកម្ពុជារៀបចំមហាសន្និបាតAIPA លើកទី៤៣ ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលធ្វើឱ្យកិត្យានុភាព និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិកាន់តែសំខាន់ឡើង។

សូមជម្រាបថា ដំណើទស្សនកិច្ចរបស់ លោក វឿង ឌីញ ហ្វេ នៅកម្ពុជានាពេលនេះបានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែកញ្ញា កន្លងមកនេះ៕

ដោយ : សហការី


ចែករំលែក៖