ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករំដួលនិងស្រុកស្វាយទាប

ចែករំលែក៖

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសចំណាស់ម្នាក់បានស្លាប់និងរបួសធ្ងន់ស្រាល៣នាក់ដែរដោយសារតែគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករំដួលនិងស្រុកស្វាយទាប។

    បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល មានបុរសម្នាក់ឈ្មោះ ខឹម ដិច  អាយុ៦១ឆ្នាំ រស់នៅ ភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានដើរតាមផ្លូវដោយមានអាការស្រវឹងស្រា  ខណៈនោះស្រាប់តែមានអ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណបានបើកកបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងគួរអោយសង្វេគបំផុត។

    ក្រោយកើតហេតុអ្នកបើកម៉ូតូឃើញសភាពការណ៍មិនស្រួលក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ ចំណែកសពក្រោយសមត្ថកិច្ចពិនិត្យរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២ លើផ្លូវជាតិ លេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៥ និង១៣៦ ស្ថិតក្នុងភូមិប្រសូត្រ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ  ពាក់ស្លាកលេខ  ស្វាយរៀង1C-2839  បើកបរដោយឈ្មោះ ឡូយ សុវណ្ណារ៉ូត អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន និងអ្នករួមដំណេីឈ្មោះ រ៉េត រ៉ាយុទ្ធ ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រសូត្រ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយបានបើកឆ្លងផ្លូវមិនប្រយត្ន័ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ មិនមានស្លាកលេខ ក្នុងទិសដៅ ពីលិចទៅកេីត បើកបរដោយឈ្មោះ ស៊ួ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិស្វាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយមកអ្នករងរបួសទាំង៣នាក់ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប  ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖