ប្រទេសអូស្ត្រាលី ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធាន និងថ្នាក់ដឹកនាំរបស់ឡអេស៊ា (LAWASIA) នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ។
សូមបញ្ជាក់ថា, នាថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១:៣០នាទី (ម៉ោងនៅប្រទេសអូស្រ្តាលី) លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធាន និងថ្នាក់ដឹកនាំរបស់ LAWASIA នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
លោកស្រី Melissa K Pang ប្រធានឡអេស៊ា(LAWASIA) បានចូលរួមអបអរសាទរជាមួយ ឯកឧត្តម លី ច័ន្ទតុលា ដែលត្រូវបានជ្រើសតាំងជាប្រធានគណ:មេធាវីជាថ្មី និងកោត សរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឡអេស៊ា(LAWASIA) កន្លងមក ជាពិសេសលោកស្រីបានចាប់អារម្មណ៍លើប្រព័ន្ធជំនួយផ្នែកច្បាប់នៅកម្ពុជា។
លោក លី ច័ន្ទតុលា បានជម្រាបជូនអង្គប្រជុំអំពីគម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិក:មេធាវី និងបានគូសបញ្ជាក់ជូនចំពោះគណៈប្រតិភូឡអេស៊ា(LAWASIA) អំពីគោលបំណងរបស់គណៈមេធាវីកម្ពុជា ដែលតែងតែបន្តកិច្ចសហប្រតិបត្តិការ ជានិច្ចជាមួយឡអេស៊ា(LAWASIA) ជាពិសេស គឺផ្តោតសំខាន់ទៅលើការធ្វើសិក្ខាសាលារួមគ្នា និងជំនាញក្នុងការគ្រប់គ្រងការិយាល័យវិជ្ជាជីវ:មេធាវី ក្នុងគោលបំណងផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់និងជំនាញដល់មេធាវីទាំងអស់ និងដើម្បីភាពប្រកួតប្រជែងរបស់មេធាវីកម្ពុជា។
លោកស្រី Melissa K Pang ប្រធានឡអេស៊ា(LAW ASIA) សម្តែងការគាំទ្រ និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានជូននូវវត្ថុអនុស្សាវរីយ៍ ចំពោះលោកស្រី Melissa K Pang និងថ្នាក់ដឹកនាំឡអេស៊ា (LAWASIA) ផងដែរ ៕
ដោយ : សហការី