ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈយុវជនស្តីពី «ចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥»

ចែករំលែក៖

ភ្នំពេញ ៖ ទស្សនៈយុវជនស្តីពី «ចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ ៖ «ធ្វើឱ្យមានសមភាព» …!!

ឆ្នាំ២០២២នេះ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ «ធ្វើឱ្យមានសមភាព»។  ដើម្បីចូលរួមទិវានេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាទស្សនៈ យុវជនស្ដីពី «ចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥» ដោយមានការបកស្រាយបញ្ចេញទស្សនៈពីវាគ្មិនជានិស្សិតចំនួន ៦រូប ក្នុងនោះមកពីសាកលវិទ្យាល័យស្វាយរៀង ចំនួន ៣រូប និងមកពីសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ខេត្តព្រៃវែង ចំនួន ៣រូប ព្រមទាំងមានវាគ្មិនជំនួយចំនួន ៦រូបផងដែរ។ 

វេទិកានេះ បានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យស្វាយរៀង ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, លោក លោកស្រី អនុប្រធាន គណៈទីប្រឹក្សា និងសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល, ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងខេត្តព្រៃវែង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិតមកពីសាកលវិទ្យាល័យទាំង២ ផងដែរ។

កម្មវិធីខាងលេីនេះ បានដំណើរការក្រោមការសម្របសម្រួលពី លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយបានដឹកនាំវាគ្មិនធ្វេីការបកស្រាយនូវសំណួរមួយចំនួនដោយផ្តោតលើប្រធានបទនៃកិច្ចពិភាក្សា គឺ «ចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥»។ ជាមួយគ្នានេះ វេទិកាក៏បានស្តាប់បទអន្តរាគមន៍របស់លោកស្រី កែវ សារ៉ាឌី អ្នកជំងឺអេដស៍នៅខេត្តស្វាយរៀង ដែលបានចែករំលែកបទពិសោធន៍ស្ដីពី ជីវិតពិតនៃការតស៊ូរស់នៅជាមួយមេរោគអេដស៍អស់រយៈពេល ២៧ឆ្នាំមកហើយផងដែរ។

បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវេទិកាខាងលើនេះ និងក្នុងឱកាសបិទកម្មវិធី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានសិក្សាស្វែងយល់យ៉ាងទូលំទូលាយ ពីបញ្ហាពាក់ព័ន្ធជុំវិញមេរោគអេដស៍ ជំងឺអេដស៍។ ជាមួយគ្នានេះ ក្មួយៗមានភាពក្លាហាន និងឈ្លាសវៃក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការថែទាំសុខភាពផ្លូវកាយ-ផ្លូវចិត្ត និងក្នុងបរិបទនៃមេរោគអេដស៍ ព្រមទាំងធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ោះមុតដើម្បីចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្មួយៗក៏មានសំណូមពរមានលក្ខណៈស្ថាបនា ក្នុងការលើកកម្ពស់ឱ្យអ្នកផ្ទុកមេរោគអេដស៍ទទួលបាននូវសមភាព និងភាពថ្លៃថ្នូរក្នុងជីវិតរស់នៅ ស្មើមុខ ស្មើមាត់ ជាមួយប្រជាជនទូទៅ និងទទួលបានសេវាពិនិត្យ ព្យាបាល ប្រកបដោយគុណភាព។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ លោកស្រី កែវ សារ៉ាឌី ដែលបានចែករំលែកនូវបទពិសោធន៍ ពីការតស៊ូ ពីជីវិតពិតក្នុងនាមជាអ្នកផ្ទុកមេរោគអេដស៍។

ក្នុងទិវាប្រកបដោយសុទិដ្ឋិនិយមនៃការធ្វើឱ្យមានសមភាព ដើម្បីឈានទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ លោកជំទាវ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលផ្តាំផ្ញើជូនបងប្អូនជនរួមជាតិក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ យ៉ាងដូច្នេះថា 

១. សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ

២. សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង

៣. សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា

៤. សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក

៥. សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

៦. សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។

ជាទីបញ្ចប់​ ថ្នាក់ដឹកនាំ ក្រុមការងារ តំណាងមកពីសាកលវិទ្យាល័យទាំង២ លោកគ្រូ អ្នកគ្រូ វាគ្មិន ក្រុមនិស្សិត សុទ្ធតែបានថតរូបអនុស្សាវរីយ៍ និងទទួលបានប័ណ្ណសរសើរ, លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិគ្រប់គ្នា៕

ដោយ : សហការី


ចែករំលែក៖