ខេត្ដបន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងសាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
សមត្ថកិច្ចបានប្រាប់ថា កាលពីវេលាម៉ោង០១និង១៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាន់ សៀន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ព្រមទាំងចាប់យកសម្ភារវត្ថុតាងដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១។
លោកវរសេនីយ៍ត្រី ប៉ាន់ សៀន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សួន អិតនិមិត្ត ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររៀបរោងស្រាក្រឡុក មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ , ២-ឈ្មោះ ស្រួយ ទេពពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ មឿន ស៊ីណែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្រាក្រឡុក មានទីលំនៅបច្ចុប្បន្នភូមិ១ ក្រុងសិរីសោភ័ណ ។ លោកបានបញ្ជាក់ថា មុនពេលបង្រ្កាបករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុមបានប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ត្រូវបានកម្លាំងជំនាញការិយាល័យគ្រឿងញៀនធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀន ហើយជាលទ្ធផល វិជ្ជមានទាំងបីនាក់។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត៕
ដោយ ៖ វណ្ណា