ព័ត៌មានទាន់ហេតុការណ៍៖

ប្រសិនបើមានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកើតជំងឺកូវីដ-១៩នឹងត្រូវរៀបចំឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានធ្វើសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាបេក្ខជនទូទាំងប្រទេសមានជាង១២ម៉ឺននាក់ហើយប្រសិនបើមានអ្នកកើតជំងឺកូវីដ- ១៩នឹងត្រូវដាក់ឱ្យប្រឡងដោយឡែក។

ក្នុងសន្និសីទសារព័ត៌មានលោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានបេក្ខជនចូលរួមប្រឡងជាង១២ម៉ឺននាក់ហើយគ្រោងប្រកាសលទ្ធផលសម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែធ្នូ ហើយបណ្តាខេត្តផ្សេងៗ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។លោកបន្ថែមថា ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីស្ថាប័នផ្សេងៗដូចបណ្ដាឆ្នាំមុនៗដែរ។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន មានបញ្ជាក់ថា​ ចំពោះ​បេក្ខជន​ប្រឡង​ បាក់ឌុប មានជំងឺកូវីដ-១៩ នឹងត្រូវរៀបចំទីតាំងប្រឡងដាច់ដោយឡែក ដើម្បី​កុំឲ្យ​បង្កការ​ព្រួយ​បារម្ភ ដល់បេក្ខជនដទៃ ។ លោកបញ្ជាក់ថាអ្វីៗក្រសួងបានរៀបចំរួចរាល់អស់ហើយដោយមិនឲ្យបេក្ខជនមានកង្វល់ចំពោះបញ្ហាជំងឺកូវីដ-១៩នោះទេ។

សូមជម្រាបថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ​២០២២ ដែល​មានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់។ ​ចំពោះលទ្ធផលគ្រោង​នឹងប្រកាសនៅថ្ងៃទី២៧ធ្នូ សម្រាប់​រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយ​ខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

ដោយ៖ សូរិយា


ចែករំលែក៖