ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ទំនើង២ក្រុមមានទំនាស់ពាក្យសម្តីគ្នា ឈានដល់ប្រើហិង្សាបង្ករបួសស្នាមទាំងសងខាង៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖  មានករណីហិង្សាដេញវាយនិងដេញកាប់គ្នាផ្អើលដល់អ្នកភូមិទាំងយប់នាំគ្នាចេញមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ បន្ទាប់ពីមានជនទំនើង២ក្រុមមានទំនាស់ពាក្យសម្តីគ្នារហូតឈានដល់ប្រើហិង្សាដាក់គ្នាបណ្តាលឱ្យរបួសទាំងសងខាងចំនួន៣នាក់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវកំពុងសាងសង់ស្ថិតក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នករងរបួសក្រុមទី១ មានឈ្មោះសន សាខន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិលក្ខ័រាជា ឃុំកំពង់ចក (រងរបួសកខាងស្តាំ)និងឈ្មោះឡោ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិលក្ខ័រាជា ឃុំកំពង់ចក ស្រុករំដួល(រងរបួសដៃឆ្វេង) អ្នកទាំងពីរបានបញ្ជួនទៅមន្ទីរពេទ្យខេត្តស្វាយរៀង។

    ចំណែកក្រុមទី២ដែលរងរបួសដែរនោះមានឈ្មោះ ស៊ាន ពិសិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើកបររថយន្តធ្វើផ្លូវ រស់នៅភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល(រងរបួសក្បាលផ្នែកខាងស្តាំ)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖ ម៉ូតូ៤គ្រឿង,កាំបិត១ ព្រនង់ឫស្សីចំនួន១និងស្បែកជើង១គូ។

    សមត្ថកិច្ចបញ្ជាក់ថា  អ្នករងរបួសទាំងសងខាងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកក្រុមចាស់ទំនើងត្រូវបានសមត្ថកិច្ចចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖