ព័ត៌មានទាន់ហេតុការណ៍៖

សត្វព្រៃកម្រៗចំនួន ២០ ប្រភេទបង្ហាញវត្តមាននៅក្នុងតំបន់អភិរក្សក្នុងខេត្តកោះកុង

ចែករំលែក៖

 ខេត្តកោះកុង ៖ ប្រភេទសត្វព្រៃកម្រៗចំនួន ២០ ប្រភេទ ត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងខេត្តកោះកុង ដែលក្នុងនោះរួមមានសត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។ ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការ ពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណេះជន។

 លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជា មួយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងសិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន ៣៤ ទីតាំងដោយប្រើរយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី៨ ខែ សីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុមការងារបានចុះប្រមូលទិន្នន័យពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជាលទ្ធផល រកឃើញពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ និងប្រភេទសត្វមានដោយបង្គួរនៅក្នុងប្រទេសកម្ពុជា និងប្រភេទជិតផុតពូជខ្លាំង ប្រភេទជិតគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទងាយរងគ្រោះ ប្រភេទមានការព្រួយបារម្ភតិចតូច ក្នុងបញ្ជីក្រហម IUCN ចំនួន ២០ ប្រភេទ និងប្រភេទថនិកសត្វ និងសត្វស្លាបផ្សេងៗជាច្រើនទៀត។

 ប្រភេទសត្វកម្រៗទាំងនោះរួមមាន៖ ពង្រូល (Sunda Pangolin) ភេរោមច្រមុះ (Hairy-nosed Otter) ឆ្កែព្រៃ (Dhole) ស្វាត្រោស (Northern Pig-tailed Macaque) ស្វាក្តាម (Long-tailed Macaque) ខ្លាត្រី (Fishing Cat) ជ្រូកពោន ឬព្រុល (Hog Badger) ប្រើសស្បូវ (Sambar) ឆ្មាដាវ (Leopard Cat) កំប្រុកព័ណ៌ (Variable Squirrel) ប្រម៉ា (East Asian Porcupine) ឈ្លូស (Red Muntjac) ក្តាន់ញ៉ែងតូច (Lesser Oriental Chevrotain) សំពោចក្រអូប (Common Palm Civet) ជ្រូកព្រៃ (Wild Boar) ត្រកួត (Bengal Monitor Lizard) កេងកងតូច (Oriental Pied Hornbill) មាន់ទោប្រាក់ (Silver Pheasant) ក្រសារតូច សំបកទំពាំង (Malay Night-heron) មាន់ព្រៃ (Red Junglefowl) និងប្រភេទថនិកសត្វ បក្សី មួយចំនួនទៀត។ ប្រភេទសត្វមួយចំនួនដែលបានរកឃើញនៅពេលនេះ ក៏បានបង្ហាញវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅ ក្នុងការសិក្សាស្រាវជ្រាវកន្លងមកផងដែរ។

 លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តកោះកុងគាំទ្រ ដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួង​បរិស្ថាសម្រួលក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ លោករដ្ឋលេខាធិការបានថ្លែងថា រួបភាពសត្វព្រៃដែលថតបាននិងទិន្នន័យនានានឹងត្រូវមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ធ្វើការវិភាគពីរបាយសត្វព្រៃ ស្ថានភាពទីជម្រក កត្តាគំរាមកំហែង ដែលជាកម្មវត្ថុធ្វើបច្ចុប្បន្នភាពតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកោះកុង។

 ជាមួយនឹងដំណឹងដ៏រីករាយនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ លោករដ្ឋ លេខាធិការបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានរួមនឹងដៃគូបាននិងកំពុងអនុវត្តទាំងវិធានការច្បាប់ផង និង វិធានការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីកាត់ផ្តាច់ការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិ ខណៈសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើន មានកំណើនការងារ និងប្រជាពលរដ្ឋមានចំណូលកាន់តែ ប្រសើរឡើង៕

ដោយ ៖ សហការី


ចែករំលែក៖