ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការល្បាត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ នៅវេលាម៉ោង ៩ និង០០ នាទី គាប់ជួនមានករណីប៉ុនប៉ងលួចម៉ូតូបង្កដោយជនសង្ស័យ ចំនួន២នាក់ នៅចំណុច ផ្ទះលេខ១៨២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើប្រតិបត្តិការឃាត់ខ្លួនបាននៅនឹងកន្លែងតែម្តង។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ៅ ម៉េងគូ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ៖ មុនពេលកើតហេតុជនសង្ស័យ ០២នាក់ ឈ្មោះ ម៉ៅ ម៉េងគូ និងឈ្មោះ ម៉ៅ ពិសិដ្ឋ ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ស្លាកលេខ ភ្នំពេញ ១JD-៨៤៦៤ ចូលក្នុងនៅសង្កាត់និរោធ មកដល់មុខផ្ទះលេខ១៨២ (ចំណុចកើតហេតុ) ដែលមានម៉ូតូជា ច្រើនគ្រឿងទុកនៅទីនោះ ពេលនោះពួកជនសង្ស័យក៏ឈប់ម៉ូតូក្បែរនោះ រួចជនសង្ស័យឈ្មោះ ម៉ៅ ពិសិដ្ឋ ក៏យកដែកកែច្នៃ ចុងស្រួចដើរទៅរកកាច់សោ.កម៉ូតូ ក៏ត្រូវបានសន្តិសុខបុរី ឃើញស្រែកចោរៗ រួចពួកជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនទៅ បុកបារាស់សន្តិសុខបុរីប៉េងហួតដួលជ្រុះស្លាកលេខម៉ូតូ (ភ្នំពេញ ១JD-៨៤៦៤) ពេលនោះក៏មានសមត្ថកិច្ចយើងល្បាតក្បែរ នោះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ម៉េងគូ រួមនិងស្លាកលេខខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ធ្វើការសាកសួរ។ចំណែកបក្ខពួកឈ្មោះ ម៉ៅ ពិសិដ្ឋ ជិះម៉ូតូគេចខ្លួនបាត់។
លទ្ធផលធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។
សមត្ថកិច្ចជំនាញកំពុងសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា