ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២នេះ។ 

សម្តេចប្រធានមហាសន្និបាតលើកទី៤៣ បានមានប្រសាសន៍ថា យុវជនជាផ្នែកមួយដ៏សំខាន់របស់សង្គម ហើយទាមទារនូវការយកចិត្តទុកដាក់ខ្លាំង ព្រោះយុវជនគឺជាមេដឹកនាំ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជាកាតាលីករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ ជាដើម ។ សម្តេចបានលើកឡើងបន្តថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យុវជនកាន់តែមានការយល់ដឹង និងបានចូលរួមកាន់តែខ្លាំងនៅក្នុងការកសាង និងលើកកម្ពស់សហគមន៍អាស៊ាន។ តំបន់អាស៊ាន មានយុវជន ប្រមាណ៣០ភាគរយ នៃប្រជាពលរដ្ឋសរុប។

ដើម្បីឱ្យយុវជនចូលរួមសកម្មនៅក្នុងសហគមន៍អាស៊ានកាន់តែសកម្ម សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវទាំងអស់ចូលរួមជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាឱ្យបានផុសផុល និងស៊ីជម្រៅបន្ថែមទៀត លើចំណុចសំខាន់ៗមួយចំនួនដូចជាការកម្ពស់កិច្ចសន្ទនា និងពិគ្រោះយោបល់រវាងយុវជន និងសមាជិកសភាវ័យក្មេងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ដើម្បីធានាថា យុវជនរបស់យើងមានការយល់ដឹង កាន់តែប្រសើរអំពីឱកាស និងភាពខ្លាំងរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍អាស៊ាន ឱ្យកាន់តែមាននិរន្តភាព ស្ថិរភាព សុខសន្តិភាព និងវិបុលភាព និងជំរុញឱ្យមានការផ្តួចផ្តើមគំនិតថ្មីៗបន្ថែមទៀត ដែលអាចជួយដល់យុវជនឱ្យបញ្ចេញនូវសក្តានុពល របស់ខ្លួនក្នុងការឈោងចាប់ឱកាស ជាមេដឹកនាំផ្នែកសហគ្រិនឌីជីថលការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ ជាដើម។ 

សូមជម្រាបនេះជាឆ្នាំទី១ ដែលមហាសន្និបាតអាយប៉ា បានបង្កើតជាផ្លូវការនូវរបៀបវារៈកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា។ បន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំបន្ត។ កិច្ចប្រជុំសមាជិកសភាវ័យក្មេងបានប្រព្រឹត្តលើប្រធានបទស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជន វ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព”៕

ដោយ : សហការី


ចែករំលែក៖