ព័ត៌មានទាន់ហេតុការណ៍៖

ល្ងាចមុិញ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 

ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជាការរៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។

ការប្រកួតកីឡាជាតិលើកទី៣ ត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ប្រាំចំណុច រួមមាន៖១-ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួចឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលានដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ២-កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួត។៣-អាចប៉ាន់ស្មានតម្រូវការទីលាននិងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។៤-តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទឲ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។និង៥-ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP)និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបាន ត្រឹមត្រូវនិងម៉ឺងម៉ាត់។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្សាយផ្ទាល់(Live)ពិធីនេះ តាំងពីម៉ោង 17:30 នាទីល្ងាច ពីពហុកីឡដ្ឋានជាតិមរតកតេជោ៕

ដោយ : សិលា


ចែករំលែក៖