ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស និងហុល្លង់ធ្វើបានល្អក្នុងថ្ងៃដំបូង ខណៈវែលបានត្រឹមស្មើអាមេរិក

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិហុល្លង់ទទួលបានលទ្ធផលល្អដូចគ្នាក្នុងការប្រកួតវគ្គជម្រុះតាមពូលរៀងៗខ្លួនក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍ World Cup ២០២២នៅកាតា ដោយយកឈ្នះអ៊ីរ៉ង់ និងសេណេហ្គាល់។ ចំណែកក្រុមជម្រើសជាតិវែលបានត្រឹមស្មើជាមួយអាមេរិកក្នុងពូល B ចែកគ្នាម្នាក់១ពិន្ទុក្នុងការប្រកួតបើកឆាកដំបូងនេះដែរកាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមអង់គ្លេសធ្វើបានយ៉ាងល្អក្នុងថ្ងៃប្រកួតដំបូងដោយយកឈ្នះក្រុមអ៊ីរ៉ង់ ៦ទល់២ ក្នុងវគ្គជម្រុះពូល B ដែលមានវែល និងអាមេរិកផងដែរ។ ការប្រកួតក្នុងតង់ទី១ ក្រុមអង់គ្លេសបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមអ៊ីរ៉ង់រហូតរកបានគ្រាប់បាល់បំប៉ោងសំណាញ់ទី៣គ្រាប់ ដោយគ្រាប់ដំបូងគេរកបានដោយខ្សែបម្រើវ័យក្មេង Bellingham នៅនាទីទី៣៥, គ្រាប់ទី២រកបានដោយខ្សែប្រយុទ្ធ Saka នៅនាទីទី៤៣ និងគ្រាប់ទី៣ក្នុងតង់ទី១ដដែលរកបានដោយកីឡាករ Sterling នាទីទី៤៥+១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមអង់គ្លេសនៅតែមានប្រៀបជាងអ៊ីរ៉ង់ដដែល ហើយខ្សែប្រយុទ្ធ Saka រកបាន១គ្រាប់ទៀតនៅនាទីទី៦២ ប៉ុន្តែនៅនាទីទី៦៥ កីឡាករ Taremi របស់អ៊ីរ៉ង់រកបាន១គ្រាប់តាមពីក្រោយវិញ ហើយ Rashford ដែលទើបនឹងដូរចូលរកបាន១គ្រាប់ទៀតដែលជាគ្រាប់ទី៥ នៅនាទីទី៧១ ខណៈដែលគ្រាប់ទី៦របស់អង់គ្លេសរកបានដោយកីឡាករ Jack  Grealish នៅនាទីទី៩០។ ចំណែកអ៊ីរ៉ង់ក៏ទទួលបានបាល់ពិន័យមួយគ្រាប់នៅចុងម៉ោងនាទីទី៩០+១៣ ជាការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Taremi ដដែល។

លទ្ធផលនេះធ្វើឲ្យអង់គ្លេសក្លាយជាក្រុមខ្លាំងមួយនៅ World Cup ឆ្នាំនេះដែលរកបានរហូតដល់៦គ្រាប់ក្នុងការប្រកួតដំបូង និងឈរលេខ១ក្នុងពូល B បណ្តោះអាសន្ន។ ចំណែកវែលឈរលេខ២ និងអាមេរិកបន្តឈរលេខ៣ មាន១ពិន្ទុដូចគ្នា ក្រោយពីប្រកួតស្មើគ្នា១ទល់១ ដោយ១គ្រាប់របស់អាមេរិករកបានដោយកីឡាករ Timothy Weah នៅនាទីទី៣៦ ហើយ១គ្រាប់របស់វែលរកបានដោយខ្សែប្រយុទ្ធ Gareth Bale ពីការស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទីទី៨២។

ចំណែកការប្រកួត១គូទៀតក្នុងពូល A វិញ ក្រុមមច្ចុរាជទឹកក្រូចហុល្លង់បានយកឈ្នះក្រុមសេណេហ្គាល់ ក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមហុល្លង់រកបានដោយខ្សែប្រយុទ្ធ Cody Gakpo នៅនាទីទី៨៤ និងគ្រាប់ទី២រកបានដោយខ្សែបម្រើ Davy Klaassen នៅម៉ោងបន្ថែមនាទីទី៩០+៦។

លទ្ធផលក្នុងពូល A នេះធ្វើឲ្យហុល្លង់ឈរលេខ១បណ្តោះអាសន្នមាន៣ពិន្ទុ ស្មើពិន្ទុជាមួយក្រុមលេខ២ក្នុងពូលអេក្វាឌ័រដែលបានយកឈ្នះម្ចាស់ផ្ទះកាតាក្នុងថ្ងៃប្រកួតបើកឆាក World Cup ដំបូង។

សម្រាប់ការប្រកួតនៅល្ងាច និងរាត្រីថ្ងៃទី២២ វិច្ឆិកានេះគឺមាន៤គូគឺ២គូក្នុងពូល C (អាហ្សង់ទីន ប៉ះ អារ៉ាប៊ីសាអ៊ូឌីត, ម៉ិចស៊ីកូ ប៉ះ ប៉ូឡូញ) និង២គូក្នុងពូល D (ដាណឺម៉ាក ប៉ះ ទុយនេស៊ី, បារាំង ប៉ះ អូស្ត្រាលី) ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖