ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌសែនសុខ ពលរដ្ឋបានស្នើឲ្យអាជ្ញាធរ ជួយស្ថាបនាផ្លូវ,សុំប្លង់កម្មសិទ្ធដី.សុំជួយអន្តរាគមន៍ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារ យកមកប្រើប្រាស់ដោះស្រាយសំរាប់លើកកំពស់ជីវភាពគ្រួសារ និងសុំដាក់ភ្លើងស្តុបចំនួន៣កន្លែង ។
វេទិការនេះបានប្រព្រឹត្ដទៅថ្ងៃទី២២វិច្ឆិកា ២០២២ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង និងជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងវេទិការ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌ សែនសុខ ដែលជាខណ្ឌទី១០ ក្នុងចំណោម ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋបានលើកជាសំណើរ សំណូមពរ ក្នុងវេទិកាពិគ្រោះយោបល់នេះជូនដល់ថ្នាក់ដឹកនាំជូយដោះស្រាយ។
លោក ម៉ប់ សារិន បានលើកឡើងថា៖នេះជាការផ្តល់អោយប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរក៏ដូចជាការផ្តល់ពត៏មានពីដំណើរការអភិវឌ្ឍ មូលដ្ឋានជូនប្រជាពលរដ្ឋ,ពីលទ្ធផលដែលសំរេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគំរោងអភិវឌ្ឍន៏៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ។ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើងពីសំណើរសំណូមពរក្នុងន័យស្ថាបនាផងដែរ។វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនិមួយៗដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយះពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ.១៩ ។
ក្នុងឱកាសនោះក៏មានប្រជាពលរដ្ឋច្រើននាក់បានលើកជាសំណើសំណូមពរដែល ភាគច្រើនផ្តោតលើការសុំឲ្យអាជ្ញាធរជួយ ស្ថាបនាផ្លូវ,សុំប្លង់កម្មសិទ្ធដី និងសុំជួយអន្តរាគមន៏ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារ
យកមកប្រើប្រាស់ដោះស្រាយសំរាប់លើកកំពស់ជីវភាពគ្រូសារ និងសំណើរសុំដាក់ ភ្លើងស្តុបចំនួន៣កន្លែង។ តែចំណុចដែលគួរកត់សំគាល់ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះឡើយ.។
លោក កើត ឆែ ក៏បានឆ្លើយតបទៅនឹងសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា៖ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានដឹងនិងកំពុងគិតគូសិក្សាទៅលើលទ្ធភាពដែលធ្វើសូមអោយបងប្អូនអធ្យាស្រ័យព្រោះការងារទាំងអស់នេះ វាក៏អាស្រ័យលើកញ្ចប់ថវិការបស់ យើងដែរ។ក្រៅពីនេះដូចករណីធ្វើផ្លូវគឺត្រូវពង្រីក ដូច្នេះវាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទះ សំណង់របស់ប្រជាពលរដ្ឋហើយសំណង់ខ្លះមានបណ្ណ័កម្មសិទ្ធទៀត នុះ ហើយដែលលំបាក។យើងក៏គួរគិតពីចិត្តគេចិត្តយើងនៅពេលមានផលប៉ះពាល់ ។ម៉្យាងទៀតយើងក៏ត្រូវគិតពីផ្លូវច្បាប់លើការ សុំប្លង់កម្មសិទ្ធថាតើ ត្រឹមត្រូវតាម និតិវិធីដែរឬទេមុននឹងការចេញប្លង់កម្មសិទ្ធជូនបងប្អូន ៕
ដោយ ៖ សំរិត