ខេត្តកណ្ដាល ៖ បេីយោងតាមប្រភពព័តឳមានពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ស្ថិតក្នុងភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីម្សិលមិញនេះ បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយលោកបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE, លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ,លោក គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មន្ត្រី និងអ្នកពាក់ពន្ធ័ សរុប ៥០ នាក់ ស្រី១០ នាក់ ។
ក្រសួងបានបន្ដថា ទស្សនកិច្ចរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព នេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរបស់មជ្ឈមណ្ឌល រួមនឹងដំណើរការគាំទ្រ និងគ្រប់គ្រងបណ្ដុំអាជីវកម្មទូទាំងខេត្តដែលកម្មវិធីASPIRE បានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ នេះ ផងដែរ ។
ជាក់ស្ដែងជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រួមមាន៖
– លោករដ្ឋមន្ត្រី អភិបាលខេត្ត និងប្រតិភូអមថ្នាក់ដឹកនាំ រួមនឹងអ្នកពាក់ពន្ធ័បានពិនិត្យមើលនូវខ្សែច្រវាក់ផលិតកម្ម ក្នុងមជ្ឈមណ្ឌលជាក់ស្ដែង ដែលមានការបង្ហាញពីលោកអនុប្រធានមជ្ឈមណ្ឌល លើដំណើរការកត់ត្រាចំនួន និងប្រភេទបន្លែយកចូលមណ្ឌល ការលាងសម្អាត វេចខ្ចប់ ការស្តុកទុក (ឃ្លាំងត្រជាក់ និងឃ្លាំងស្ងួត) និងការធ្វើតេស្ដ៍រកសារធាតុពុលបន្សល់ទុកក្នុងបន្លែ ដែលក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនNAV និងក្រុមហ៊ុនCSDS បានយកមកធ្វើតេស្តិ៍នាពេលនោះផងដែរ ហើយ បន្លែទាំងនោះ គឺសុទ្ធតែបានយកមកពីបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព និងសហគមន៍កសិកម្មក្នុងខេត្តកណ្ដាល និង ខេត្តនានា តាមរយៈកិច្ចសន្យាកសិកម្ម ។
បន្ទាប់ពីបានស្តាប់ការណែនាំ និងពិនិត្យជាក់ស្ដែងនៅនឹងមណ្ឌល ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ មួយចំនួនផងដែរ មានដូចជា៖
– ការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីកុំឲ្យពួកគាត់ខ្វះទីផ្សារ និងបាត់បង់ទំនុកចិត្តក្នុងការផលិត
– ដៃគូសហការ និងក្រុមហ៊ុនផ្សេងៗទៀតសូមយកគំរូតាមក្រុមហ៊ុនមាសបៃតង និងក្រុមហ៊ុនNAV ដែលមានការវេចខ្ចប់បានស្អាតល្អ មានQR កូដ បញ្ជាក់ពីលើបន្លែដែលបានធ្វើតេស្ដិ៍រួចដើម្បីឲ្យប្រាកដថា បន្លែនោះសុវត្ថិភាព ឬជាបន្លែសរីរាង្គ យកមកពីតំបន់ណាហើយបានស្គាល់ឈ្មោះកសិករអ្នកផលិតផងដែរ ។
– ក្រុមហ៊ុនអ្នកប្រមូលទិញទាំងអស់គប្បីធ្វើការវិនិយោគជាមួយកសិករដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគាត់តាមរយៈការផ្តល់ជាផ្ទះសំណាញ់ ការស្រោចស្រប់ តាមបែបទំនើបធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើការរំលស់ជាមួយថ្លៃបន្លែដែលប្រមូលទិញទាំងនោះដោយមានការយល់ព្រម ពីភាគីទាំងសងខាង ។
ជាចុងបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ នាពេលនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កណ្ដាល រួមនឹងមន្ត្រីដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ជួយ ដល់កសិកម្ម តាមឃុំគោលដៅ ជាមួយនឹងកម្មវិធីASPIRE កន្លងមក ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងខេត្តទាំងមូល៕
ដោយ៖សហការី