រដ្ឋាភិបាលបារាំងបានរងការរិះគន់យ៉ាងចាស់ដៃដោយក្រុមប្រឆាំងស្តាំនិយមថា រដ្ឋាភិបាលទន់ខ្សោយចំពោះឧក្រិដ្ឋកម្ម និងមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការរារាំងបទល្មើស ទុកឱ្យជនបង្កគ្រោះថ្នាក់ចេញដើរតាមផ្លូវ ។
ប្រទេសបារាំងត្រូវបានកក្រើកជាថ្មីម្តងទៀតដោយការចាប់រំលោភនិងសម្លាប់ក្មេងស្រីសិស្សសាលាអាយុ ១៤ឆ្នាំម្នាក់នៅភាគខាងត្បូងប្រទេសនេះប៉ុន្មានសប្តាហ៍បន្ទាប់ពីការសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់យ៉ាងព្រៃផ្សៃក្នុងទីក្រុងប៉ារីស។
ប៉ូលិសបាននិយាយកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាថា ពួកគេបានចាប់ខ្លួនបុរសអាយុ៣១ឆ្នាំម្នាក់ដោយសង្ស័យថាបានចាប់រំលោភនិងសម្លាប់ក្មេងស្រីសិស្សសាលាឈ្មោះ Vanesa អាយុ១៤ឆ្នាំបន្ទាប់ពីបង្ខំនាងចូលទៅក្នុងរថយន្តពេលនាងដើរចេញពីទ្វារសាលារៀននៅ Tonneins ។
ជនសង្ស័យបានលាក់សពជនរងគ្រោះនៅក្នុងផ្ទះទុកចោល ប៉ុន្តែទោះជាយ៉ាងណាប៉ូលិសបានកំណត់ទីតាំងភ្លាមៗតាមរយៈកាមេរ៉ាសុវត្ថិភាពនៅថ្ងៃនោះ។
រដ្ឋអាជ្ញានៅទីក្រុង Agen (ភាគខាងត្បូងប្រទេសបារាំង) បានប្រាប់សារព័ត៌មានថា នៅពេលដែលប៉ូលិសមកចាប់ខ្លួនមុខសញ្ញានេះនៅឯផ្ទះល្វែងរបស់គាត់ក្នុងទីក្រុង Marmande គាត់តែងតែនិយាយថា “ខ្ញុំដឹងថាហេតុអ្វីបានជាមកកាន់ទីនេះ” ហើយបន្ទាប់មកក៏បានសារភាពកំហុស។
អាជ្ញាធរបាននិយាយថា បុរសជាជនដៃដល់ធ្លាប់បានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៥ថ្ងៃក្នុងពេលដែលមានអាយុទើបតែ១៥ឆ្នាំពីបទរំលោភផ្លូវភេទលើអនីតិជនម្នាក់ទៀត។ ឃាតកម្មលើក្មេងស្រីសិស្សសាលា Vanesa កើតឡើងក្នុងរយៈពេលមិនដល់មួយខែផងបន្ទាប់ពីកុមារី Lola អាយុ១២ឆ្នាំត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ។ សាកសពក្មេងស្រីរងគ្រោះត្រូវបានគេរកឃើញនៅក្នុងវ៉ាលិសនៅខាងក្រៅផ្ទះរបស់ជនរងគ្រោះក្នុងទីក្រុងប៉ារីស។ ជនសង្ស័យសំខាន់ក្នុងករណីនេះគឺស្ត្រីអាយុ២៤ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម រំលោភ និងធ្វើទារុណកម្ម។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា លោក Dante Rinaudo អភិបាលក្រុង Tonneins បាននិយាយថា ឪពុកម្តាយរបស់ក្មេងស្រីអាយុ១៤ឆ្នាំមានដើមកំណើតមកពីប្រទេស Colombia ចង់បញ្ចុះសពកូនស្រីរបស់ពួកគេនៅ Grenada (អេស្ប៉ាញ) ជាកន្លែងដែលគ្រួសារគាត់រស់នៅអស់រយៈពេលជាច្រើនឆ្នាំ មុនពេលផ្លាស់ទៅប្រទេសបារាំង៕ ដោយ៖ ធីរីណា
រូបថត៖ Reuters