ខេត្តកំពង់ចាម ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នាឱកាសនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពី សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកយាយ លោកតា និងបងប្អូនទាំងអស់គ្នាដែលខំធ្វេីដំណេីមកតាំងពីព្រលឹមដេីម្បីចូលរួមក្នុងកម្មវិធីនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងថា ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៤០០ គ្រួសារ អញ្ជើញមកពីឃុំចំនួន ៨ ក្នុងស្រុកព្រៃឈរនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ,មី១កេស, ត្រីខ១យួរ,ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ១យួរ ៕
ដោយ៖សហការី