ព័ត៌មានទាន់ហេតុការណ៍៖

គណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន​ រៀបចំពិធីបញ្ចូលសមាជិកថ្មីចំនួន ០២រូប

ចែករំលែក៖

ភ្នំពេញ​៖​ គណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្ស​ នៅវិមាន៧មករា​ កាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានរៀបចំពិធីបញ្ចូលសមាជិកថ្មីចំនួន ០២រូប ក្រោមអធិបតីភាព លោក សោម សឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សគណបក្សប្រជាជន ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សមាជិកសមាជិកាមកពីស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាលផងដែរ។ 

សមាជិកចំនួន ០២រូបដែលនឹងត្រូវបានបញ្ចូលជាផ្លូវការក្នុងពេលនេះមកពីគណបក្សរស្មីខេមរាដែលមាន៖​ លោក​ ហែម ប្រសើរ អនុប្រធានទី០១ និងលោក ម៉ន ច័ន្ទរា អនុប្រធានទី០២។ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីគណៈអធិបតីរួច តំណាងសមាជិកថ្មី លោក ម៉ន ច័ន្ទរ៉ា បានឡើងសម្តែងនូវសេចក្តីរីករាយ និងដឹងគុណចំពោះគណអធិបតីដែលបានបង្កើតនូវពិធីនេះឡើង ដែលបានអនុញ្ញាត្តិឲ្យរូបខ្លួនបានចូលជាសមាជិកផ្លូវការរបស់គណបក្ស។ រូបលោកផ្ទាល់បានមើលឃើញថាមានតែគណបក្សប្រជាជនតែមួយគត់ដែលបម្រើផងប្រយោជន៏ជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។ ជាចុងក្រោយឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តថា៖

១. គោរព និងអនុវត្តតាមកម្មវិធិ និងលក្ខន្តិកៈរបស់គណបក្សដោយឥតងាករេ និងប្រែក្លាយកម្មវិធីនយោបាយរបស់គណបក្សឲ្យទៅជាការអនុវត្តជាក់ស្តែង

២. ថែរក្សា ពង្រឹង សាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់ និងគោរពអង្គវិន័យរបស់គណបក្សឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ជាទីបំផុត

៣. ប្តេជ្ញាចូលរួមប្រជុំជីវភាពបក្សឲ្យបានទៀងទាត់។

ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តម សោម សឿន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិកថ្មី និងអំពាវនាវឲ្យសមាជិកទាំងថ្មី និងចាស់ទាំងអស់ធ្វើការរួបរួមគ្នាដើម្បីពង្រឹងគណបក្សជាបន្ត។ ឯកឧត្តមសោម សឿន ក៏បានរំលឹកពីស្នាដៃជាប្រវត្តិសាស្រ្តរបស់គណបក្សចាប់តាំងពីពេលកកើតគណបក្ស រហូតមកទល់នឹងបច្ចុប្បន្ន រួមមានការវាយរំដោះយកឯករាជ្យជាតិឆ្នាំ១៩៥៣ ផ្តួលរលំរបបលន់ នល់ ឆ្នាំ១៩៧៥ និងជោគជ័យជាប្រវត្តិសាស្ត្រដ៏ធំបំផុត និងមិនអាចបំភ្លេចបានគឺជ័យជំនះលើរបបបនប្រល័យពូជសាសន៏ ប៉ុល ពត ឆ្នាំ១៩៧៩ និងស្នាដៃផ្សេងៗទៀត។ គណបក្សក៏នៅបន្តចូលរួមជាកំលាំងស្នូលក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិ ថែរក្សាសន្តិភាព និងការអភិវឌ្ឈ ក្នុងពេលបច្ចុប្បន្នផងដែរ។

សូមជម្រាបថា​ គណបក្សប្រជាជនបង្កើតដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន៕

ដោយ​៖សហការី​


ចែករំលែក៖