ខេត្តតាកែវ៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ “ខ្ញុំសូមអបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់”។
ទន្ទឹមនេះ លោករដ្ឋមន្ត្រីកសិកម្ម ក៏សូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់ ដេីម្បីកុំឱ្យផលិតលើសពីតម្រូវការទីផ្សារនាំឱ្យតម្លៃធ្លាក់ចុះ។ អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ និងពន្យល់ណែនាំដល់កសិករអ្នកផលិត ឱ្យចេះរៀបចំផែនការផលិតនិងវិភាគអំពីការចំណាយ និងប្រាក់ចំណេញ។
សូមជម្រាបដែរថា កាលពីម្សិលមិញនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ បន្លែ ជាប្រភពមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារ លក្ខណ:ពិសេសរបស់បន្លែសុវត្ថិភាព គឺជួយកាត់បន្ថយហានិភ័យដល់សុខភាព ជាប្រភពវីតាមីន និងថាមពលជួយដល់ជីវិតរស់នៅរបស់យេីងទាំងអស់គ្នា ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងអាចដាំដុះបន្លែជាលក្ខណៈអេកូទេសចរណ៍ តាមរមណីយដ្ឋាន លំនៅដ្ឋាន សម្រាប់ទាក់ទាញទេសចរចូលទស្សនា និងរៀនសូត្របាន ៕
ដោយ៖សហការី