ខេត្តក្រចេះ ៖ ខឹងសង្សារសុំបែកផ្លូវ បុរសបានបង្កហិង្សាធ្វើឱ្យនាងរងរបួសចំណែកខ្លួនឯងត្រូវជាប់ខ្នោះសមត្ថកិច្ច។ នេះហើយគេហៅថាស្នេហាភ្លើងចំបើង ចង់ស្រឡាញ់ក៏ស្រឡាញ់ ចង់ស្អប់ក៏ស្អប់ ចង់ប្រើហិង្សាក៏ប្រើហិង្សាដោយអំណាចក្រេវក្រោធ ការគិតខ្លី ក្មេងសេចក្តីក្នុងការត្រិះរិះពិចារណា បើសិនក្លាយជាគូគាប់ទៅមុខអាចទ្រមខ្លួនរាល់ថ្ងៃក៏អាចថាបានដែរ។
សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា មានជនម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួលចាប់ឃាត់ខ្លួនភ្លាមៗនៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ប្រើហិង្សារហូតជាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយពីរូបគេបានបង្កជម្លោះបណ្តាលឱ្យនារីរងគ្រោះអាយុ៣០ឆ្នាំម្នាក់រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រងរបួសដាច់ម្រាមដៃ ដោយសារមុតនឹងដាវក្នុងជម្លោះប្រតាយប្រតប់គ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះជា ពេជ្រ អាយុ៣១ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
មូលហេតុដែលឈានឱ្យមានករណីនេះឡើងក៏ដោយសារតែជនដៃដល់ខឹងនឹងនារីរងគ្រោះដែលជាសង្សារតែងតែសុំរូបគេបែកគ្នាដោយពុំមានមូលហេតុ។ នេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់នគរបាល។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕
ដោយ : សិលា