ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗ មានដូចខាងក្រោម៖
សម្ដេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកដល់ខេត្តសៀមរាបដែលជាទីក្រុងប្រវត្តិសាស្ត្រ និង វប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃភាព សុខដុមរមនា ក្នុងរវាងមនុស្ស, ធម្មជាតិ និង វប្បធម៌, ទីកន្លែងដ៏ល្អមួយ សម្រាប់ការពិភាក្សាគ្នា អំពី «សន្តិសុខប្រកបដោយភាពសុខដុម» ។
សម្តេចតេជោ សូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា សម្រាប់ការខិតខំយ៉ាងសស្រាក់សស្រ័ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង ។ ខែវិច្ឆិកានេះ គឺជា វេលាដ៏មមាញឹកមួយសម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗទាំងឡាយ រួមមាន កិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធសន្និបាតអន្តរសភាអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ៩ នេះ ។ ក៏ប៉ុន្តែ, ការណ៍នេះក៏ជាឱកាស ដ៏ពិសេសមួយសម្រាប់យើងចែករំលែកនូវទស្សនៈ និង យោបល់ ដើម្បីលើកកម្ពស់ការកសាង សហគមន៍អាស៊ាន និង ពង្រឹងសន្តិសុខស្ថិរភាព និង វិបុលភាពក្នុងតំបន់ និង សកលលោក ទាំងមូល ។
កិច្ចប្រជុំរបស់យើងត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជាការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខ សកល និង បរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និង ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និង ថាមពលការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ ។ ទន្ទឹមនេះ, បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់, ទាំង ទំហំ និងភាពញឹកញាប់ ។ ពិតណាស់ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព, ស្ថិរភាព និង វឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក ។ បន្ថែមលើនេះ, ការ ធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក ។
នៅក្នុងបរិបទនេះ, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក, កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព ។ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក, ការយល់ពីគ្នាទៅវិញ ទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និង ផលប្រយោជន៍រួម ដើម្បីសន្តិភាព និង វិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ។
ក្នុងឋានៈជារដ្ឋតូចមួយ, កម្ពុជា គាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និង បើកចំហ, ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬ សណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និង ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ខ្ញុំជឿជាក់ថា សមាជិកអាស៊ានដទៃទៀត ក៏មានទស្សនៈដូច គ្នានៅលើចំណុចនេះដែរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីដប់ឆ្នាំមុន, សម្ដេចបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែល គ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍ ។ នៅពេលនោះ, គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ។ ប៉ុន្តែបច្ចុប្បន្ននេះ, មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា, សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ ។ កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ មានបទពិសោធមួយ ចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឱ្យមានសន្តិភាព, កសាងសន្តិភាពរក្សាសន្តិភាព និង កសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។
ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា, ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០, សម្ដេចតេជោ ចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ ។ ទីមួយយើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។ ទីពីរ, យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ ។ ទីបី, យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព ។
សម្ដេចតេជោ មូលបទរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំនេះ គឺផ្តោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ។ នេះ គឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ ។ យើងត្រូវ ទទួលស្គាល់ និង រំលេចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និង ស្ថិរភាព ។ ជាការកត់សម្គាល់, ភាពផ្សារភ្ជាប់គ្នា, ការអាស្រ័យគ្នាទៅវិញទៅមក និង សន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ទន្ទឹមនេះ, អាស៊ាន បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការ ធ្វើសមាហរណកម្មតំបន់, ការអាស្រ័យគ្នាទៅវិញទៅមក និង ការផ្សារភ្ជាប់គ្នា ។ តាមទស្សនៈ របស់ខ្ញុំដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់, យើងត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច រួមមាន៖
ទី១លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំ របស់ អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និង សមត្ថភាពក្នុងការកំណត់ និង កែប្រែលទ្ធផល ។
ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និង បើកចំហ ។ ទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេច បាននូវនិម្មាបនកម្មសន្តិសុខតំបន់ ។ យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍមិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និង ស្របតាមមជ្ឈភាពអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និង ប្រជាជនជាស្នូល ។ យើងបានកំណត់យកសន្តិសុខ និង សុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង ។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព ។ សន្តិសុខអាកាសធាតុ គឺជា បញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែម ទៀត ។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់ត មានសារៈសំខាន់ ។
ទី៥. លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ។ ដោយសារមានការកើន ឡើងនៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និង ការគំរាមកំហែងឆ្លងដែន, យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គ ទាំងនេះ ។
មុននឹងបញ្ចប់, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនង និង កិច្ចពិភាក្សាគ្នា ដោយបើកចំហ, ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង, ការបង្ការ ជម្លោះនាពេលអនាគត និង ការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើ ការគោរពគ្ន, ការយោគយល់គ្ន, ការជឿទុកចិត្តគ្នា និង ការគោរពប្រយោជន៍គ្នាទៅវិញទៅមក ។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និង មិនមែនជាប្រពៃណីរបស់ យើង ។
ជាកិច្ចបញ្ចប់, សម្តេចតេជោ សូមជូនពរឱ្យកិច្ចដំណើរការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នេះ ទទួលបាននូវជោគជ័យ ។ សម្តេច ក៏សូមជូនពរប្រតិភូទាំងអស់មានសុខភាពល្អ និង សុភមង្គល៕
ដោយ៖ ស តារា