ព័ត៌មានទាន់ហេតុការណ៍៖

ភាពមិនប្រក្រតី ក្នុងការតែងតាំងអភិបាលរងស្រុកសង្កែ ទើប នាយករដ្ឋបាលសាលាស្រុកសង្កែសុំលាលែងពីតួនាទីមុខតំណែង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានភាពមិនប្រក្រតីតែងតាំងអភិបាលរងស្រុកសង្កែ ទើប នាយករដ្ឋបាលសាលាស្រុកសង្កែសុំលាលែងពីតួនាទីមុខតំណែង ហើយនាយករដ្ឋបាលសាលាស្រុកសង្កែ ហ៊ានបញ្ជាក់ក្នុងលិខិត ពាក្យស្នើសុំលាឈប់ពីតួនាទីការងារ ថែមទៀត។

ដោយលោកថា, សារតែការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី និងមានភាពអយុត្តិធម៌ បានធ្វើលោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ដាក់ពាក្យសុំលាលែងពីតួនាទីមុខតំណែងនាយករដ្ឋបាលសាលាស្រុកសង្កែ ។ ការលាលែងពីតំណែងនេះ ត្រូវបានលោក គង់ សុគុណ្ណា លើកហេតុផលថា ដោយសារតែមានបញ្ហាសុខភាពផ្លូវចិត្ត ទាក់ទងការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី និងទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបលោក។

យោងតាមស្នើសុំលាឈប់ពីតួនាទីការងាររបស់លោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំលាឈប់ពីតួនាទីជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានខ្លឹមសារថា “ពាក្យស្នើសុំលាឈប់ពីតួនាទីការងារ”

ខ្ញុំបាទឈ្មោះ គង់ សុគុណ្ណា ឋានន្តរស័ក្តិ ក្រមការដើមខ្សែ ម្នាក់លេខ ៣ នៃក្របខណ្ឌក្រមការដើមខ្សែ ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ។

សូមគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត 

តាមរយៈ ៖ លោក អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង

កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតលាឈប់ពីតួនាទីមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តជ្រាបថា៖ ខ្ញុំបាទបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃ ខេត្តបាត់ដំបង។ មូលហេតុរូបខ្ញុំបាទមានបញ្ហាសុខភាពផ្លូវចិត្ត ( ករណីការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិន ប្រក្រតី ទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបខ្ញុំបាទ ) ដោយហេតុដូចបានគោរពជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមគោរព ស្នើសុំលាឈប់ពីតួនាទីមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ ។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដោយសេចក្ដីអនុគ្រោះបំផុត ។

សូម សម្ដេចក្រឡាហោម មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីរូបខ្ញុំបាទ ៕


ដោយ : សុខ ខេមរា


ចែករំលែក៖