ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់បាន ចាញ់ល្បិចកលក្រុមទម្លាក់យោងដែលពួកគេធ្វេីជាជ្រុះកញ្ចប់មាស ហើយបានលួងលោមនាងកុំឱ្យប្រាប់អ្នកណាឱ្យសោះដោយបានឌុបនាងនាំទៅចែកគ្នានៅកន្លែងស្ងាត់ រួចបាននិយាយដោះដូរជាមួយគ្រឿងអលង្ការនិងទូរស័ព្ទរបស់នាងដោយគេសុខចិត្តប្រគល់កញ្ចប់មាសក្លែងក្លាយដែលរើសបាននោះឱ្យទៅនាងតែម្នាក់ឯង។ ពេលសម្រេចកិច្ចការបោកប្រាស់នេះហើយ ក្រុមជនល្មើសបានគេចខ្លួនបាត់អស់ទៅ ដោយបន្សល់ទុកថង់មាសក្លែងក្លាយមួយថង់ឱ្យនាងកម្មការិនីយកទៅប្តឹងសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រថ្មី ខាងត្បូងស្ពានអាកាសផ្លូវល្បឿនលឿននិងផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ឆែម ស្រីលាស់ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលមានគុណ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
នារីរងគ្រោះអះអាងថា សម្ភារដែលបាត់បង់ មានក្រវិលមាសមួយគូទម្ងន់៥ហ៊ុន និងទូរស័ព្ទ ម៉ាកOPPO A53 មួយគ្រឿង ។
បើតាមសម្តីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុនាងបានចេញពីបន្ទប់ជួលនៅភូមិអង្គ ឆ្ពោះទៅរោងចក្រនៅក្បែរផ្សារអង្គ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៤នាក់ (ស្រី២នាក់ ប្រុស២នាក់) ជិះម៉ូតូ២គ្រឿងតាមពីក្រោយនាង ហើយស្ត្រីសង្ស័យម្នាក់បានហៅនាងឱ្យឈប់ឃដើម្បីសាកសួររឿងគេជ្រុះកញ្ចប់មាស រួចលួងលោមឱ្យនាងជិះម៉ូតូ ដោយប្រាប់ថា ទៅលក់មាសចែកគ្នានៅផ្សារជម្ពូវ័ន។ លុះធ្វើដំណើរមកដល់ចំណុចស្ពានអាកាសក៏បត់ចូលទៅតាមផ្លូវ៦០ម៉ែត្រថ្មី ដល់កន្លែងស្ងាត់ខាងក្រោយភូមិអង្គកែវពួកគេក៏ឈប់ម៉ូតូ រួចជនសង្ស័យហុចថង់ពណ៌ក្រហម មានច្រកលោហៈពណ៌លឿងឲ្យនាងកាន់ ហើយនិយាយលួងលោមឱ្យនាងដោះក្រវិលនិងឱ្យទូរស័ព្ទដៃទៅពួកគេ ពេលយកបានហើយ ជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ គ្រាន់តែប្រាប់ថាឱ្យរង់ចាំនៅទីនេះហើយ។ ដោយចាំបាត់ៗ យូរពេកនាងក៏ស្រាយមាត់ថង់មើលទើបដឹងថាជាខ្សែកកាឡៃ។ នារីរងគ្រោះ ក្រោយពីដឹងខ្លួនថាចាញ់បោកគេហើយ អស់សង្ឃឹម ឈរសម្រក់ទឹកភ្នែក ត្រូវបានពលរដ្ឋឃើញជួយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ឱ្យជួយស្រាវជ្រាវរកមុខសញ្ញាឆបោកខាងលើ ៕
ដោយ៖សុខាសែនជ័យ