ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប៉ូឡូញ ៖ ខ្ញុំមិនចោទប្រកាន់ជនជាតិរុស្ស៊ីទេ

ចែករំលែក៖

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានសារភាពថា លោកមិនចង់ចាប់ផ្តើមមមានជម្លោះថ្មីជាមួយរុស្ស៊ីឡឡើយ បន្ទាប់ពីការធ្លាក់កាំជ្រួចនៅក្នុងទឹកដីរបស់ប្រទេសលោកនោះមក។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា «ខ្ញុំមិនចោទប្រកាន់រុស្ស៊ីទេ ហើយខ្ញុំក៏មិនបានពិចារណាលើការប្រើប្រាស់មាត្រាទី៥នៃសន្ធិសញ្ញាណាតូនោះដែរ»។
លោក Andrzej Duda បានបញ្ជាក់ថា ការកើនឡើងកម្តៅរវាងអង្គការណាតូនឹងរុស្ស៊ីមិនមែនជាផលប្រយោជន៍របស់ប្រទេសប៉ូឡូញ ឬសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកទាំងមូលនោះទេ។
បន្ទាប់ពីកាំជ្រួចមីសុីលបានធ្លាក់នៅក្នុងភូមិ Przewodow ប្រទេសប៉ូឡូញមមក លោក Duda បាននិយាយថា កាំជ្រួច “ផលិតដោយរុស្ស៊ី” មានជាប់ពាក់ព័ន្ធ ប៉ុន្តែមិនបានបន្ទោសទីក្រុងមូស្គូនោះទេ។ លោក រួមជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ក្រោយមកបានសារភាពថា ការធ្លាក់នេះគឺបណ្តាលមកពីកាំជ្រួចប្រឆាំងយន្តហោះរបស់អ៊ុយក្រែន ដែលបានហោះខុសគោលដៅធ្លាក់នៅប៉ូឡូញ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានសេវាសន្តិសុខជាតិប៉ូឡូញ លោក Jacek Severa បាននិយាយថា ភស្តុតាងដែលប្រមូលបានដោយអង្គការណាតូ សហរដ្ឋអាមេរិក និងប៉ូឡូញ សុទ្ធតែបង្ហាញថា មីស៊ីលដែលបានសម្លាប់មនុស្សពីរនាក់នោះ គឺធ្វើឡើងដោយកងកម្លាំងអ៊ុយក្រែន មិនមែនរុស្ស៊ីនោះឡើយ។ ទោះជាយ៉ាងណា ទីក្រុង Kiev បានស្តីបន្ទោសឧប្បត្តិហេតុនេះលើទីក្រុងមូស្គូ។
ទោះបីជាដឹងថា កាំជ្រួចដែលធ្លាក់ក្នុងប្រទេសប៉ូឡូញទំនងជារបស់ការពារដែនអាកាសរបស់អ៊ុយក្រែនក៏ដោយ ក៏អគ្គលេខាធិការអង្គការណាតូ លោក Stoltenberg នៅតែនិយាយថា រុស្ស៊ី “ទទួលខុសត្រូវ” ចំពោះឧប្បត្តិហេតុនោះ។ លោក Stoltenberg បាននិយាយថា មិនមានការចង្អុលបង្ហាញថាឧបទ្ទវហេតុនេះ គឺជាការវាយប្រហារដោយចេតនានោះទេ។
ជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ ភាគីរុស្ស៊ីបានស្នើឱ្យលោកខាងលិចប្រកាសថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់មីស៊ីលនៅប្រទេសប៉ូឡូញកាលពីថ្ងៃទី ១៥ខែវិច្ឆិកា។
មុននេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ្នកជំនាញបានកំណត់អត្តសញ្ញាណកម្ទេចកម្ទីមីស៊ីលនៅក្នុងរូបភាពពីកន្លែងផ្ទុះនៅប្រទេសប៉ូឡូញកាលពីយប់មិញថាជាបំណែកនៃមីស៊ីល S-300 របស់អ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ DW


ចែករំលែក៖