ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសមជាមួយ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ នៅខេត្តសៀមរាប។
ថ្លែងក្នុងកិច្ចជំនួបនាពេលនេះ លោក រចនា ស៊ីង បានលើកទ្បើងអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ កម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយបន្តទៅមុខទៀត ទំនាក់ទំនងដ៏ល្អជិតស្និទ្ធនេះ ក៏នឹងត្រូវបានបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។ លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជាក្នុងកាលៈទេសៈលំបាកចាប់តាំងពីក្រោយសម័យរបបប៉ុលពត និងដំណាក់កាលស្វែងរកសន្តិភាពរហូតក្លាយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិមកកម្ពុជាផងដែរ។
នៅលើមូលដ្ឋាននៃទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តនេះ លោក រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និង លោក មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានវាយតម្លៃខ្ពស់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដោយត្រូវបន្តថែរក្សាឱ្យបានស្ថិតស្ថេរយូរអង្វែងតទៅ។ #Hunmanet #Cambodia ៕
ដោយ : សហការី