ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំអ៊ុយក្រែនថារុស្ស៊ីកំពុងប្រើប្រាស់រដូវរងាជាអាវុធបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី ២២ខែវិច្ឆិកាបានប្រកាសថា រុស្ស៊ីកំពុងតែប្រើប្រាស់រដូវរងាដូចជាអាវុធបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ដោយរុស្ស៊ីបានបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងកៀវ។
លោក Zelensky បានថ្លែងតាមរយៈវីដេអូក្នុងអំឡុងកិច្ចប្រជុំរបស់សមាគមអភិបាលក្រុងបារាំង ថា «វិមានក្រឹមឡាំងចង់ប្រែក្លាយភាពត្រជាក់នៃរដូវរងាទៅជាអាវុធនៃការបំផ្លិចបំផ្លាញដ៏ធំ។ ដើម្បីរស់នៅក្នុងរដូវរងានេះ ក៏ដូចជារារាំងរុស្ស៊ីពីការបង្វែរភាពត្រជាក់ទៅជាឧបករណ៍នៃការចុះចាញ់ ដូច្នេះយើងត្រូវការរបស់ជាច្រើន»។ មេដឹកនាំអ៊ុយក្រែនបានស្នើដល់បារាំងជួយបញ្ជូនម៉ាស៊ីនភ្លើង ក៏ដូចជាសេវាកម្មបន្ទាន់មួយចំនួន មានសុខាភិបាលជាដើម។
ក្នុងពេលនេះដែរ រដ្ឋាភិបាលអ៊ុយក្រែន បានសន្យាថានឹងបង្កើតជម្រកបណ្តោះអាសន្នដើម្បីផ្តល់
កម្តៅ និងទឹកដល់ប្រជាជន ហើយបានលើកទឹកចិត្តពលរដ្ឋឱ្យសន្សំថាមពលទុកសម្រាប់ប្រើប្រាស់ ខណៈដែលរដូវរងាដ៏អាក្រក់បានកើតឡើងចំពេលមានការវាយប្រហារមិនឈប់ឈររបស់រុស្ស៊ី បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។
ក្នុងសុន្ទរកថាជាវីដេអូកាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលបណ្តោះអាសន្ន ឬ invincibility centres» ពិសេសមួយនឹងត្រូវបានបង្កើតឡើងនៅជុំវិញប្រទេសអ៊ុយក្រែនដើម្បីផ្តល់អគ្គិសនី កម្តៅ ទឹក អុីនធើណេត ការតភ្ជាប់ទូរស័ព្ទចល័ត ឱសថស្ថាន ដោយមិនគិតថ្លៃ និងបម្រើការ២៤ម៉ោង»។
លោក ហ្សេលេនស្គី បានបន្ថែមថា «ប្រសិនបើការវាយប្រហារដ៏ធំរបស់រុស្ស៊ីកើតឡើងម្តងទៀត ហើយថាមពលច្បាស់ថានឹងមិនត្រូវបានស្តារឡើងវិញក្នុងរយៈពេលជាច្រើនម៉ោងនោះ invincibility centres នឹងដំណើរការជាមួយនឹងសេវាកម្មសំខាន់ៗទាំងអស់ខាងលើនេះ»។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់អ៊ុយក្រែន ការវាយប្រហាររបស់រុស្សីបានផ្តាច់ថាមពលរយៈពេលយូរសម្រាប់អ្នកប្រើប្រាស់រហូតដល់១០លាននាក់ ក្នុងពេលតែមួយ ខណៈដែលប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ អះអាងថា ការខូចខាតមានលក្ខណៈទ្រង់ទ្រាយធំ៕

រូប​ថត​ ៖​ TTXVN-VNA

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖