ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានអនុញ្ញាតឱ្យ លោក អូឡិចសាន់ ខូនិយេនកូ អនុប្រធានរដ្ឋសភានៃប្រទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសដែល លោកអនុប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោក អូឡិចសាន់ ខូនិយេនកូ បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ពិសេសសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញសភាអ៊ុយក្រែន មកចូលរួមមហាសន្និបាតអាយប៉ា ក្នុងឱកាសនេះ។ លោក ក៏បានថ្លែងអំណរគុណចំពោះការប្រឆំាងសង្រ្គាមនៅ អ៊ុយក្រែនរបស់កម្ពុជា ពិសេសការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការចចារទេទើបអាចបញ្ចប់សង្រ្គាមបាន។
លោកអនុប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អ៊ុយក្រែនបានត្រៀមជាស្រេចនៅក្នុងការចចារដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសខ្លួន ដើម្បីនាំមកនូវសុខសន្តិភាពជូនពលរដ្ឋឡើងវិញ។ លោកបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយសម្រាប់ពិភពលោកដែលបានស្វែងរកសុខសន្តិភាពដោយបានបញ្ចប់សង្រ្គាមដោយសន្តិវិធី។
សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា សម្តេចពិតជាមានក្តីរន្ធត់ សោកស្តាយ និងអាណិតអាសូរ ដល់ប្រជាពលរដ្ឋអ៊ុយក្រែន ដែលធ្លាប់តែរស់ក្នុងសុខសន្តិភាព វិបុលភាព និងសុភមង្គល តែក្នុងរយៈពេលដ៏ខ្លី បែរជាត្រូវ រស់នៅរងទុក្ខវេទនាឈឺផ្សារ និងប្រឈមទៅនឹងសេចក្តីស្លាប់គ្រប់វិនាទី។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ និងគោរពគោលការណ៍ ដែលបានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ កម្ពុជាបានធ្វើជាស្ថាបនិកគាំទ្រចំពោះ សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើប្រទេសអ៊ុយក្រែន។ ប្រទេសកម្ពុជាស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះសង្គ្រាម ព្រោះបានឆ្លងកាត់នូវប្រវត្តិសាស្រ្ត ដ៏ជូរចត់នៃភ្លើងសង្រ្គាមអស់ជាច្រើនទសវត្សរ៍។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពដែលកម្ពុជាទទួលបានសព្វថ្ងៃពិតជាលំបាកខ្លាំងណាស់។ សង្គ្រាម មិនអាចយកសង្គ្រាមទៅបញ្ចប់បានឡើយ។ ក្នុងនាមរដ្ឋសភា សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអ៊ុយក្រែន ដែលកន្លងមកធ្លាប់បានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាក្នុងកំឡុងទសវត្សរិ៍ឆ្នាំ៨០។ នៅពេលនេះកម្ពុជាត្រៀមខ្លួនជួយដល់ប្រទេសអ៊ុយក្រែន ក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តាមរយៈអង្គភាពកំចាត់មីនកម្ពុជា(CMAC) ដើម្បីជួយបណ្តុះបណ្តាលអ៊ុយក្រែន ក្រោមកិច្ចសហប្រតិបត្តិការពីប្រទេសជប៉ុន៕
ដោយ : សហការី