ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា, សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់កំណើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលពេលនោះមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាកម្លាំងមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងគោលដៅ និងបេសកកម្មចំបងតែមួយគត់គឺការជួយសង្រ្គោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ទៀតថា, ក្រោយពេលប្រទេសជាតិត្រូវបានរំដោះ និងស្របពេលដែលប្រទេសត្រូវការកម្លាំងដើម្បីកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា បានផ្លាស់ប្ដូរឈ្មោះជា សមាគមយុវជនកម្ពុជា ដោយបន្តបេសកកម្មក្នុថបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍសង្គមជាតិ។ ក្នុងឆ្នាំ២០១២ មហាសន្និបាតវិសាមញ្ញលើកទី៣ សមាគមយុវជន បានសម្រេចជាឯកឆន្ទក្នុងការផ្លាស់ប្ដូរឈ្មោះជា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលយុវជន មហាជន និងមិត្តភក្តិអន្តរជាតិតែងស្គាល់ជាអក្សរកាត់ខ្លីថា ស.ស.យ.ក. និង UYFC។
សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ក្រោមម្លប់សន្ដិភាព ដែលជាសម្ធិផលដ៏ថ្លៃថ្លានៃនយោបាយឈ្នះ-ឈ្នះ កម្ពុជាបាន និងកំពុងបន្ដការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីកម្លាំងយុវជននៅគ្រប់មជ្ឍដ្ឋានដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញច្រានការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ក្នុងពេលដែលសកលលោកស្ថិតក្នុងរបត់នៃបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤ និងសន្ទុះដ៏លឿននៃបច្ចេកវិទ្យា យុវជនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពជាច្រើនក្នុងការប្រមូលម្ដុំយុវជនពីគ្រប់មជ្ឍដ្ឋានចូលរួមជាធ្លុងមួយរក្សាការពារ និងលើកស្ទួយវិស័យនានា ដូចជាសិល្បៈ វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អប់រំ កីឡា ទេសចរណ៍ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា សុខមាលភាព ជាដើម។
សមាជិក សមាជិកាគ្រប់រូបនៃសហភាពសហព័ន្ធយុវជនកម្ពុជានៅតែចងចាំជាប់ជានិច្ចនូវស្មារតីដែលយុវជនជំនាន់មុនបានកសាងពូនជ្រុំទុកឱ្យ នោះគឺស្មារតី ២ធ្នូ ដែលជាការហ៊ានលះបង់ និងការដាក់ផលប្រយោជន៍បុគ្គលទុកមួយឡែក ហើយមករួបរួមគ្នាជាធ្លុងមួយដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ស្មារតីដ៏ថ្លៃថ្លានេះ ក៏បានដាក់ចេញជាយុទ្ធសាស្រ្ដរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចារិកក្នុងគោលការណ៍គ្រឹះរបស់ខ្លួននោះគឺ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ»។ ស.ស.យ.ក. នៅតែបើកទ្វារយ៉ាងធំទូលាយ ស្វាគមន៍យុវជន យុវនារីកម្ពុជាដែលមានឆន្ទៈ និងមនសិការ និងយល់ពីបុព្វហេតុរួមរបស់យើង ដើម្បីចូលរួមជាមហាចលនា និងមហាគ្រួសារយុវជនកម្ពុជា ហើយរួមគ្នាធ្វើជាដំណោះស្រាយវិជ្ជមានសម្រាប់ជាតិ និង ប្រជាជន ៕
ដោយ : សហការី