ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោង ខុន អញ្ជើញរៀបចំពិធីក្រុងពាលីតាមបែបសាសនា មុនចាប់ផ្តើមបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ ដំបូងគេនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ តាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងចាប់ផ្តើមបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែលទើបនឹងមានដំបូងគេ នៅរាជធានីភ្នំពេញ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅយប់ថ្ងៃ​ពុធ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

ក្រសួង​ទេសចរណ៍​ បានឱ្យដឹងទៀតថា​ ពិធីបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ នឹងធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន ២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ គម្រោងសាងសង់សាលាជាតិនេះនឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ដែរថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់មាន ០២អាគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន៖ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ  បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមាណ ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើ ដំណើរ និង(៤) ផ្នែកសេវាកម្មទេសចរណ៍ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្ចី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖