ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូ បុកពីក្រោយអ្នកថ្មើរជើង បណ្តាលឱ្យបាក់ជើងរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នកថ្មើរជើងម្នាក់ត្រូវម៉ូតូឌ្រីមសង់បុកពីក្រោយបណ្ដាលឲ្យបាក់ជើងឆ្វេងនៅវេលាម៉ោង៦និង១៥ នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះនៅលើផ្លូវជាតិលេខ56Aត្រង់ចំណុចខាងត្បូង ប៉ុស្ដិ៍ស្លក្រាមប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ។

សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នកដំណើរម្នាក់ ឈ្មោះ សុខ សុម៉ាលី ភេទស្រី អាយុ ៦៤ ឆ្នាំធ្វើដំណើរ ទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ប.ជ 1V 4519 បើកបរដោយឈ្មោះ ភឿន ភក្តី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក  បានបុកពីក្រោយអ្នកដំណើរថ្មើរជើង បណ្តាលឱ្យឈ្មោះ សុខ សុម៉ាលី រងរបួស បាក់ជើងខាងឆ្វេង ចំណែកម៉ូតូ ខូចខាត (ស្រាល) ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី មូលហេតុ: អ្នកដំណើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ននិងម៉ូតូបើកបរក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនទាន់បណ្ដាលឲ្យបុកតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ចំណែកម៉ូតូហុងដាឌ្រីមនឹងសម្ភារៈត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖