គណបក្សស្តាំនិយម Rassemblement National (RN) របស់លោកស្រី Marine Le Pen នាពេលថ្មីៗនេះបាននិយាយថា រដ្ឋាភិបាលបារាំងគួរតែយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ប្រទេសជាជាងបន្តបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។
លោកស្រី Le Pen បានប្រាប់សារព័ត៌មាន CNewsថា “ថ្ងៃនេះ សម្ភារយោធាទាំងអស់ដែលយើងបានបញ្ជូនទៅអ៊ុយក្រែន គឺជាការបាត់បង់សម្រាប់ប្រទេសបារាំង។ តាមរយៈការផ្តល់សព្វាវុធធុនធ្ងន់ដែលយោធាត្រូវការ យើងកំពុងធ្វើឱ្យសន្តិសុខផ្ទៃក្នុងរបស់យើងប្រឈមនឹងហានិភ័យ” ។
យោងតាមលោកស្រី Le Penបាននិយាយទៀតថា កម្រិតនៃការគាំទ្រដែលទីក្រុងប៉ារីសស្វែងរកការផ្តល់មិនត្រូវគ្នានឹងសមត្ថភាពជាក់ស្តែងរបស់ខ្លួនទេ ហើយការលើកទឹកចិត្តគំនិតផ្តួចផ្តើមបែបនេះធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពការពាររបស់រដ្ឋ។
មុននោះ នាថ្ងៃទី១៥ ខែវិច្ឆិកា លោកស្រី Le Pen បានចង្អុលបង្ហាញពីការទទួលខុសត្រូវរបស់បារាំងក្នុងការអូសបន្លាយវិបត្តិអ៊ុយក្រែន។ លោកស្រី ឡឺ ប៉ង់ បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់សព្វាវុធគ្រាន់តែធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ចំណែកដំណោះស្រាយគួរតែជាការទូត។
ទន្ទឹមនឹងនោះ នៅថ្ងៃទី១ ខែវិច្ឆិកា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់សមភាគីអ៊ុយក្រែន លោក Volodymyr Zelensky តាមទូរស័ព្ទថា ទីក្រុងប៉ារីសនឹងជួយទីក្រុងកៀវ ពង្រឹងការការពារដែនអាកាសរបស់ខ្លួន។
បន្ទាប់មក នៅថ្ងៃទី១៩ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានប្រកាសថា អ៊ុយក្រែនបានទទួលប្រព័ន្ធមីស៊ីលការពារដែនអាកាស Crotale NG ចំនួនពីរពីប្រទេសបារាំង ហើយប្រព័ន្ធការពារនោះអាចត្រូវបានដាក់ពង្រាយនៅតំបន់ភាគខាងលិច ឬក្បែរទីក្រុងកៀវផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN
រូបថត ៖ Global Look Press