ភ្នំពេញ ៖ ជនសង្ស័យម្នាក់ អ្នករត់ឡំប្រឺតាបែកគំនិតបន្លំចូលលួចទូរស័ព្ទដៃ I phone 11 pro ផ្ទះលក់ចាបហួយបានសម្រេច ព្យាយាមបើករត់គេច ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្បែរវត្តអង្គបឹងចក ភូមិអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបើកឡំប្រឺតាទៅធ្វេីរកទិញអីវ៉ាន់ នៅផ្ទះអ្នកលក់ដូរមួយកន្លែងក្នុងភូមិព្រែកតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល ឆ្លៀតឱកាសស្ត្រីជាអ្នកលក់ដូរ រវល់ ភ្លេចខ្លួន ជនសង្ស័យបម្រុងលួចកាបូបលុយ និងទូរស័ព្ទ តែប្រញាប់ពេក លួចបានតែទូរស័ព្ទ ម៉ាក11 pro មួយគ្រឿង បានសម្រេចហើយ បើកចាកចេញ គេចខ្លួន ។
ប្រភពដដែលបានបន្តថា បន្ទាប់មកម្ចាស់បាត់ទូរស័ព្ទ ជនសង្ស័យ គ្មានអ្នកណាក្រៅពី បុរសបើកឡំប្រឺតា ក៏ រាយការណ៍ប្តឹងសមត្ថកិច្ច ទើបកម្លាំងនគរបាល ចេញ ដេញតាម ស្ទាក់ ចាប់ខ្លួនបានត្រង់ចំណុចក្បែរវត្តអង្គបឹងចក រកឃើញទូរស័ព្ទរបស់ជនរងគ្រោះវិញ រួចនាំខ្លួន ទាំងមធ្យោបាយ ម៉ូតូឡំប្រឺតា ទៅសាកសួរនៅប៉ុស្តិ៍ឪឡោកភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ។
តាមចម្លើយសារភាព ជនសង្ស័យដាច់អស់លុយដោយសារញៀនល្បែងភ្នាល់បាល់ ឃើញឱកាស ទូរស័ព្ទជនរងគ្រោះទុកចោល លួចយកតែម្តង ៕
ដោយ៖សុខាសែនជ័យ