ភ្នំពេញ ៖ មានជនខិលខូចបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកបានថ្លែងថា, ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ឈ្មោះ លឹម សិលា ភេទប្រុស អាយុ៣៣ឆ្នាំ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។
បុគ្គលនេះ ត្រូវបានស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ដរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបញ្ជូនទៅតុលាការតាមនីតិវិធី។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជននេះត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទឆបោក តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ខ្ញុំបាទសូមអំពាវនាវ សុំឱ្យគោរពច្បាប់ទាំងអស់គ្នា។
សូមគោរពអរគុណ។