ខេត្តព្រះសីហនុ៖ បេីតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្តព្រះសីហនុ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្រសួង-ស្ថាប័នពាក់ព័ន្ធនិងផ្នែកឯកជន នឹងរៀបចំ ពីធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” (Bay of Peace, Bay of Hope) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃសុក្រ ទី០៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេស អេកូទេសចរណ៍នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន០៣សំខាន់ៗដូចខាងក្រោម៖
១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ ឆ្នាំ២០២២។
២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និង
គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរនិងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក។
៣. សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ និងមានការចូលពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀង និងកីឡាករ កីឡាការិនីជាតិ អន្តរជាតិ។ អាស្រ័យហេតុនេះ សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមទស្សនា និងកំសាន្តដោយមេត្រី៕
ដោយ៖សហការី