ព័ត៌មានទាន់ហេតុការណ៍៖

អបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត»

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពឆ្នាំ២០២២ លើការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំង ២៥  រាជធានី-ខេត្ត និងលើកទិសដៅអនុវត្តបន្ត។

កិច្ចប្រជុំនេះ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានទាំង៥នៃកាកបាទក្រហមកម្ពុជា គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត សរុបប្រមាណ ៩០នាក់។

មានប្រសាសន៍បើកកិច្ចប្រជុំខាងលើនេះ លោកស្រី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះគណៈកម្មាធិការ-មន្ត្រីប្រតិបត្តិសាខាទាំងអស់ ដែលបានជំរុញកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តដែលជាប្រតិបត្តិករមនុស្សធម៌ជួរមុខរបស់យើង ឱ្យធ្វើការងារមនុស្សធម៌នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ 

ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ពីកម្លាំងអ្នកស្ម័គ្រចិត្តដែលជាប្រតិបត្តិករជួរមុខរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានកកើតឡើងចាប់តាំងពីសមរភូមិសុលហ្វេរីណូ ហើយរហូតមកដល់បច្ចុប្បន្ននេះ។ ដោយឡែកកាកបាទក្រហមកម្ពុជា បានបង្កេីតបណ្ដាញអ្នកស្ម័គ្រចិត្តឡេីងវិញនៅឆ្នាំ១៩៩២ និងបណ្ដាញយុវជន កក្រក  នៅឆ្នាំ១៩៩៦ ដែលការងារពង្រឹងកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តនៅតាមសាខាគឺមានសារសំខាន់ណាស់ក្នុងប្រតិបត្តិការមនុស្សធម៌ ព្រោះថាសាខាណាដែលពូកែពង្រឹងកម្លាំងអ្នកស្ម័គ្រចិត្តនេះ គឺសាខានោះនឹងដំណើរការដោយរលូន ហើយកម្លាំងអ្នកស្ម័គ្រចិត្តទាំង២នេះ ត្រូវតែមានវត្តមានជាមួយយើងជានិច្ច ដើម្បីអភិវឌ្ឍសាខាឱ្យមានដំណើរការល្អ។

ទៅតាមរបៀបវារៈនៃកម្មវិធី សមាជិកសមាជិកានៃកិច្ចប្រជុំ បានត្រងត្រាប់ស្តាប់បទបង្ហាញស្តីពី យុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលធ្វើបទបង្ហាញដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី២, អនុស្សរណៈយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡា និងកាកបាទក្រហមកម្ពុជា និងផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលធ្វើបទបង្ហាញដោយ លោក ឃុន សាម៉េង នាយករងនាយកដ្ឋានធនធានមនុស្ស, និងរបាយការណ៍វឌ្ឍនភាពការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២២ និងទិសដៅការងារបន្ត ដែលបានអានដោយ លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស។

កិច្ចប្រជុំបានដំណើរការក្រោមការដឹកនាំរបស់ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយបានបើកឱកាសឱ្យសមាជិកសមាជិកានៃអង្គប្រជុំមានកិច្ចពិភាក្សា បញ្ចេញមតិយោបល់ និងការវាយតម្លៃលើរបាយការណ៍បូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ត ជុំវិញការខ្វះចន្លោះ បញ្ហាប្រឈម និងសំណូមពរមួយចំនួនដើម្បីកែលម្អទម្រង់របាយការណ៍ឱ្យមានលក្ខណៈល្អជាងមុន និងសុក្រិត ក៏ដូចជាផ្តល់នូវគោលគំនិតសម្រាប់កសាងផែនការឆ្នាំ២០២៣ឱ្យបានល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះ អង្គប្រជុំ បានពិភាក្សាអំពីការពង្រឹង ពង្រីក និងអភិវឌ្ឍកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តនៅតាមសាខា បញ្ហាប្រឈម ក៏ដូចជាទិសដៅដើម្បីបន្តពង្រឹងកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីភាពធន់សហគមន៍៕

ដោយ : សហការី


ចែករំលែក៖