ភ្នំពេញ៖ ដើម្បីប្រាប់ឱ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈម ក៏ដូចជាប្រាប់ពីស្ថានភាពហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ រួមនឹងការពិគ្រោះយោបល់ និងដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងវេទិកាសាធារណៈលើកទី១១ នាថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្រាប់ប្រជាពលរដ្ឋខណ្ឌដូនពេញ បានប្រាប់ថាមិនមានបញ្ហាប្រឈមធំដុំ ដែលស្នើឱ្យអាជ្ញាធរ ជួយដោះស្រាយនោះទេ។
នាឱកាសនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា៖ ក្រៅពីការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ ពីលទ្ធផល ដែលយើងសម្រេចបាន ក៏ដូចជា ការប្រើប្រាស់ថវិកាដែរនោះ វេទិកានេះ ក៏បានផ្តល់ឱកាស ជូនប្រជាពលរដ្ឋ លើកឡើងពីសំណើ និងសំណូមពរ ក៏ដូចជាក្តីកង្វល់ផ្សេងៗ របស់បងប្អូន ដែលស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយជូន តាមចំណុចអាទិភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់បងប្អូនតាមរយះការប្រាប់ដំណឹងឱ្យអាជ្ញាធរបានដឹង។
ជាមួយគ្នានោះលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ បានបកស្រាយរាល់ចំងល់ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ពីប្រជាពលរដ្ឋចំនួន ៤នាក់ ដែលជាបញ្ហាអាចដោះស្រាយ ជូនភ្លាមៗ តាមរយៈអាជ្ញាធរខណ្ឌ សង្កាត់ និងជំនាញ ចុះទៅពិនិត្យមើលជាក់ស្តែង។ មានដូចជា៖ ការសុំធ្វើប្លង់កម្មសិទ្ធិ, ការសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបញ្ហានេះ វាមានការពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវច្បាប់ ដែលយើងត្រូវធ្វើឲ្យបានស្របច្បាប់ និងច្បាស់លាស់ ជាមុនសិន ជាមួយគ្នានេះ ក៏មានសំណួរ និងសំណើ ជាលិខិតដាក់ចូល ក្នុងប្រអប់សំបុត្រ ចំនួន ៣០ សំបុត្រផងដែរ។
លោក សុខ ពេញវុធ បានថ្លែងបន្តថា៖ ការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងវេទិកានេះ គឺបានឆ្លុះ បញ្ចាំង ពីតំរូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរកវិធីដោះស្រាយ រាល់ផលប៉ះពាល់ ជូនបងប្អូនពិតប្រាកដ។
សូមជម្រាបថា សម្រាប់វេទិការសាធារណៈលើកទី១១ នៅខណ្ឌដូនពេញនេះ ជាខណ្ឌទី១១ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលត្រូវធ្វើរយៈពេល ១ឆ្នាំម្តង៕
ដោយ៖ស តារា